ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២៤ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន២៧,០៩០នាក់!

(កោះកុង)៖ ខេត្តកោះកុង មានភ្ញៀវទេសចរណ៍មកលេងកម្សាន្ត និងស្នាក់នៅក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំសកល សរុបចំនួន២៧,០៩០នាក់ កើនឡើង ១៣,៩២៤ នាក់ ស្មើនឹង១០៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។

នេះបើយោងតាមរបាយករណ៍ របស់មន្ទីរទេសចរណ៍ខេត្តកោះកុង។

ក្នុងចំណោមទេសចរណ៍សរុបខាងលើ គឺមានភ្ញៀវជាតិចំនួន ២៦,៨៦០ នាក់ កើនឡើង ១៣,៨៨០ នាក់ ស្មើនឹង ១០៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
ចំណែកឯភ្ញៀវបរទេសចំនួន ២៣០ នាក់ កើនឡើង ៤៤ នាក់ ស្មើនឹង ២៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយ

លោក សាគុណ ភក្តី មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង លើកឡើងថា មូលហេតុនៃការកើនឡើងនៃចំនួនភ្ញៀវទេសចរ ក៏ព្រោះតែ រដ្ឋបាលខេត្តកោះកុងបានរៀបចំការប្រគុំតន្ត្រី ពិព័រណ៍ផលិតផល និងបាញ់ កាំជ្រួច បូករួមហ្នឹងអាកាសធាតុអំណោយផលល្អ រីឯនៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក៏បានរៀបចំកម្មវិធីត្រៀមចូលឆ្នាំសកល ២០២៤ នៅទីតាំងរបស់ខ្លួន។

យ៉ាងណានោះ បរិស្ថាន សណ្តាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋានក៏បានរួមចំណែក ទាក់ទាញភ្ញៀវទេសចរផងដែរ ។ ការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ឋ និងការចូលរួមរបស់ភ្ញៀវទេសចរ ប្រជាពលរដ្ឋបានសម្អាតអនាម័យតាមគេហដ្ឋាន រមណីយដ្ឋាន សហគមន៍ ធ្វើឲ្យមានសោភ័ណភាពល្អប្រសើរ ។

មន្រ្តីទេសចរណ៍ដដែល បន្តថា ចំពោះបញ្ហាសន្តិសុខគឺមិនចោទជាបញ្ហានោះទេ ដោយមានការចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ឋបានដាក់វេនប្រចាំការតាមគោលដៅទេសចរណ៍ និងតាមដងផ្លូវសាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល៕

Leave a Reply

Your email address will not be published. Required fields are marked *