(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៣.០៧.២០២៥ តំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ កំពុងពិនិត្យលើសំណុំរឿង អ្នកកាសែតចំនួន២នាក់! ដែលត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកឱរ៉ាល់ ចាប់វាយខ្នោះទាំងកណ្ដាលអធ្រាត្រ..!!។
-នេះបើយោងតាម ការបញ្ជាក់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានថ្លែងប្រាប់”ដើមរាំង”នៅព្រឹកទី១៣.០៧.២០២៥។
បើតាមលោក ទិន សុចិត្រា សំណុំរឿងមួយនេះ គឺរូបលោកជាអ្នកទទួលបន្ទុកអនុវត្ត ហើយពេលនេះលោកកំពុងពិនិត្យ”នឹងពុំទាន់មានការចោទប្រកាន់នៅឡើយ”។
-សេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចប៉ូលិសស្រុកឱរ៉ាល់ កាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានមកដាស់អ្នកកាសែតចំនួន២នាក់ឱ្យភ្ញាក់ពីដំណេក រួចចាប់វាយខ្នោះ ត្រង់ចំណុចរោង១កន្លែង លើផ្លូវគ្រួសក្រហម កំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមបទបញ្ជារបស់លោកអភិបាលស្រុកឱរ៉ាល់..!!។
-អ្នកកាសែតដែលរងការឃាត់ខ្លួនទី១-ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង អ្នកសារព័ត៌មាន(បាសិទ្ធធីវី)។
ក្នុងនោះសមត្ថកិច្ច៖ ដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110 ពូថៅចំនួន០១ដេីម ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទម៉ាក Iphone ចំនួន ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន ០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ប័ណ្ណបើកបរចំនួន០១សន្លឹក ប័ណ្ណសម្គាល់រថយន្ត ចំនួន១សន្លឹក លុយខ្មែរចំនួន១លានរៀល ។
២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត)។
ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441
-ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Iphone ០១គ្រឿង ម៉ាក តិចណូ ០១គ្រឿង)
-លុយខ្មែរចំនួន៤០ម៉ឺនរៀល
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក
-កាតសម្គាល់អ្នកសារពត៌មានចំនួន ០១សន្លឹក
-ជំពាមកៅស៊ូចំនួន ០១
-ចិញ្ជៀនដាំត្បូងចំនួន០១វង់ ។
បច្ចុប្បន្នៈ អ្នកកាសែតទាំង២នាក់ខាងលើ ស្ថិតក្រោមការឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបញ្ជូនទៅកាន់តុលាការ!។
-ជុំវិញការឃាត់ខ្លួនអ្នកកាសែតទាំងកណ្ដាលយប់នេះដែរ-លោក សម សាក់ ស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនការងារព្រហ្មទណ្ឌ.បានអះអាងប្រាប់”ដើមរាំង”ថា ការចាប់ខ្លួនអ្នកកាសែតទាំង២នាក់ខាងលើ គឺគ្មានជនរងគ្រោះជាដើមបណ្ដឹងនោះទេ!។
បើតាមលោកស្នងការរង ការចាប់ខ្លួននេះ គឺយោងតាមការបង្គាប់បញ្ជាផ្ទាល់ពីលោកអភិបាលស្រុកឱរ៉ាល់! ហើយអភិបាលស្រុក យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយដែលថា”អ្នកកាសែត មកដាក់កុងត្រូលជជុះ ដើម្បីជំរិតទារលុយពីអ្នកដឹកអុស”។
-ចំពោះសំណួរថា តើអ្នកកាសែតដែលត្រូវឃាត់ខ្លួន បានដាក់កុងត្រូលជជុះជាក់ស្ដែង ឬពួកគាត់កំពុងសម្រាន្ត..?..។
-ត្រង់ចំណុចនេះលោក សម សាក់ បកស្រាយថា ពួកគាត់ទទួលលុយពីគេ.!។
-ចំពោះសំណួរថា តើអ្នកកាសែតបានទារលុយ ពីឈ្មួញឈើដែរឬទេ..?។
-លោក សម សាក់ ឆ្លើយថា ទោះទារឬមិនទារ ឱ្យតែទទួលលុយ គឺខុសច្បាប់ដូចគ្នា!។
-ចំពោះសំណួរថា តើអ្នកកាសែត បានដេញឡានឈើ ដើម្បីទារលុយដែរឬទេ..?។
-លោក សម សាក់ បំភ្លឺថា ខ្ញុំមិនដឹងទេ គ្រាន់តែក្នុងចំលើយ គឺបានទទួលលុយ និងមានដែក ដែលអាចបោះឱ្យធ្លាយកង់ឡាន!។
-ក្រោយលោកស្នងការរងបញ្ជាក់ថា លោកអភិបាលស្រុកឱរ៉ាល់ ជាអ្នកបញ្ជាឱ្យចាប់ខ្លួនអ្នកកាសែតបែបនេះ!។
“ដើមរាំង”ក៏បានព្យាយាមសុំការបំភ្លឺពីលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់.ប៉ុន្តែទូរស័ព្ទចូលហើយ លោកមិនទទួល!។
-ទាក់ទិនរឿងនេះលោក គិន សារី ចាងហ្វាងសារព័ត៌មាន(បាសិទ្ធធីវី)បានអះអាងប្រាប់”ដើមរាំង”ថា សហការីខ្លួនពុំបានដាក់កុងត្រូលជជុះ ដូចការចោទប្រកាន់នោះឡើយ!។
ពោលគឺ ពួកគាត់ដេកសំរាក ចាំប្រមាញ់បទល្មើសព្រៃឈើ ដែលតែងតែដឹកចេញ”ពីតំបន់ជួរភ្នំក្រវ៉ាញ.ជាប់ព្រំប្រទល់ខេត្តកោះកុង.កំពង់ស្ពឺ.ពោធិ៍សាត់ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់”។
និយាយជារួមផ្លូវ១ខ្សែនោះ ជាច្រកនិងជាបំពង់.ក.ដ៏សំខាន់ដែលត្រូវដឹកជញ្ជូនឈើចេញជាប្រចាំ ហើយនរណា ក៏អាចសំរាកនិងដេកលើ រោងនោះបានដែរ ព្រោះជាកន្លែងសុវត្ថិភាព សម្រាប់អ្នកដំណើរ..!។
លោក ចាងហ្វាងបន្តថា អ្នកកាសែតទាំង២នាក់នោះ ពុំបានស្ទាក់.ឬដេញចាប់រថយន្តដឹកឈើ ដើម្បីជំរិតទារប្រាក់អ្វីឡើយ ជាក់ស្តែងពួកគាត់ ដេកចាំប្រមាញ់បទល្មើសព្រៃឈើ តែប៉ុណ្ណោះ!!។
មិនគួរណាអាជ្ញាធរស្រុកឱរ៉ាល់ បញ្ជាឱ្យកងកម្លាំងមកដាស់ពួកគាត់ ឱ្យភ្ញាក់ពីដំណេក ដែលកំពុងសម្រាន្តលង់លក់នៅម៉ោង១រំលងអធ្រាត្រ រួចចាប់វាយខ្នោះ ដោយចោទថា ដាក់កុងត្រូលជជុះដើម្បីជំរិតទារលុយ អញ្ចឹងសោះ.!!។
-តាមរយៈសារព័ត៌មាន”ដើមរាំង”លោកចាងហ្វាង(បាសិទ្ធធីវី) សុំស្នើយ៉ាងទទូចដល់ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ.ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ មេត្តាដោះលែងអ្នកកាសែតទាំង២នាក់ខាងលើវិញ ដោយក្ដីអនុគ្រោះ!។
ជុំវិញរឿងរ៉ាវមួយនេះ មហាជនទូទៅជាពិសេសបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់.សម្ដែងការសោកស្ដាយ.រន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់ ដែលទៅចាប់វាយខ្នោះអ្នកកាសែត ទាំងកណ្ដាលអធ្រាត្រ ហាក់បីដូចជាពួកគាត់ បានប្រព្រឹត្ត បទល្មើសឧក្រិដ្ឋក្បត់ប្រទេសជាតិអញ្ចឹង…!!។
-កត្តាទាំងនេះហើយ ទើបបងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់កើតទុក្ខមិនសុខចិត្ត បញ្ចេញប្រតិកម្មចោទជាសំណួរថា៖ អ្នកកាសែតចាំប្រមាញ់បទល្មើសព្រៃឈើត្រូវគេចាប់វាយខ្នោះ.។
ចុះហេតុអ្វីបានជា មិនចាប់វាយខ្នោះពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.??៕