សម្តេចធិបតី ណែនាំឱ្យសិក្សាអំពីការដំឡើងអាយុចូលនិវត្តន៍របស់កងទ័ព!

(កំពង់ឆ្នាំង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាសម្តេចទើបណែនាំឱ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនអាយុទាហានចូលនិវត្តន៍។ ការបង្កើនអាយុចូលនិវត្តន៍របស់កងទ័ព ព្រោះអាចជួយឱ្យកម្ពុជា ចំណេញច្រើនជាពិសេសគឺមានកងទ័ពនៅក្នុងដៃច្រើនជាងមុន។
ការណែនាំរបស់សម្ដេចបែបនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្ដេចធីបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យសិក្សាប្រៀបធៀបនៅប្រទេសអាស៊ាន ប្រទេសយើងមានច្រើនជាងគេ នៅក្នុងអាយុចូល កម្ពុជាមាន១២ឆ្នាំ ដែលត្រូវចូលនិវត្តន៍ ពលទាហាន ពលបាលត្រី និងចក្របាលត្រី ត្រឹមអាយុ៣៨, ពលបាលទោ និងចក្របាលទោ ត្រឹមអាយុ៣៩ ខុសគ្នា១ឆ្នាំ,ពលបាលឯក និងចក្របាលឯក ត្រឹមអាយុ៤០ឆ្នាំ, ព្រិន្ទបាលទោ និងនាយចក្របាលទោ៤១ឆ្នាំ, ព្រិន្ទបាលឯក និងនាយចក្របាលឯក ត្រឹមអាយុ៤២ឆ្នាំ បានន័យថាខុសគ្នាតែមួយឆ្នាំៗ គ្រាន់តែធ្វើលិខិតក៏ដល់អាយុបាត់»
តាមការបញ្ជាក់ពីសម្ដេចនាយករដ្ឋមន្រ្តី នៅក្នុងប្រទេសកម្ពុជារបស់ មាន១២កាំ ខណៈនៅឡាវមានតែ ២កាំប៉ុណ្ណោះ ប្រុស៦០ឆ្នាំ និងស្រី ៥៥ឆ្នាំ ចំណែកនៅវៀតណាមមានចំនួន៦កាំ ក្នុងនោះ៤កាំ ថ្នាក់វរសេនីយ៍ និងអនុសេនីយ៍ឯកចុះ គឺ៥០ឆ្នាំ ជាមួយគ្នានេះប្រទេសសិង្ហបុរី មានតែ៣ថ្នាក់ប៉ុណ្ណោះ ហើយឥណ្ឌូនេស៊ីមានចំនួន៦ថ្នាក់។
បើតាមការណែនាំរបស់សម្ដេចបវរធីបតី គឺសម្ដេចចង់ឱ្យមានការសិក្សារកែសម្រួលកម្រិតចូលនិវត្តន៍ របស់មន្រ្តីយោធាកម្ពុជា មកនៅត្រឹមតែ២ទៅ៣ថ្នាក់បាន៕

Leave a Reply

Your email address will not be published. Required fields are marked *