Update៖ ស្ថាប័នប្រឆាំងអំពើពុករលួយថៃ នឹងបើកការស៊ើបអង្កេតលើលោកស្រី ផែថងថាន!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយកាលពីថ្ងៃចន្ទ១៤ កក្កដាថា ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃនឹងបើកការស៊ើបអង្កេត លើនាយករដ្ឋមន្ត្រីព្យួរពីតំណែង គឺលោកស្រី Paetongtarn Shinawatra ពីបទបំពានច្បាប់របស់ប្រទេសថៃ ក្នុងនាមជាមេដឹកនាំ។

ការស៊ើបអង្កេតនេះ នឹងក្លាយជាការវាយប្រហារមួយផ្សេងទៀតចំពោះរដ្ឋាភិបាល ដែលជាប់គាំងរបស់ លោកស្រី Paetongtarn ។

តុលាការធម្មនុញ្ញថៃ បានព្យួរពីតំណែងលោកស្រី កាលពីដើមខែនេះ ទាក់ទងនឹងបញ្ហាដូចគ្នា ដែលប្រជាជនថៃ ចោទប្រកាន់ថា ខ្វះសមត្ថភាពដឹកនាំប្រទេស និងទាមទារឲ្យលាលែងពីតំណែង។

ចាប់តាំងពីពាក់កណ្ដាល ខែមិថុនាមក គេបានមើលឃើញភាពចលាចលកាន់តែខ្លាំងផ្ទុះឡើងនៅក្នុងប្រទេសថៃ ប្រឆាំងនឹងការដឹកនាំរបស់លោកស្រី Paetongtarn ។
ដោយការតវ៉ាទាមទារឱ្យលោកស្រីលាលែងពីតំណែង និងការចាកចេញពីសម្ព័ន្ធភាពនៃគណបក្សធំទី២ របស់ខ្លួន ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោកស្រីមានសំឡេងភាគច្រើនស្ដួចស្តើង។

មន្ត្រីម្នាក់មកពីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា គណៈកម្មការបានបង្កើតក្រុមស៊ើបអង្កេតរួចរាល់ហើយ។

បណ្តឹងនេះបានមកពីសមាជិកព្រឹទ្ធសភាចំនួន៣៦រូប ដែលបានដាក់ញត្តិទៅតុលាការធម្មនុញ្ញដោយចោទប្រកាន់លោកស្រី Paetongtarn ជាកូនស្រីរបស់មហាសេដ្ឋីដ៏មានឥទ្ធិពលខាងនយោបាយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពីបទរំលោភលើបទដ្ឋានសីលធម៌ និងបំពានអំណាច៕

Leave a Reply

Your email address will not be published. Required fields are marked *