ចាងហ្វាងសារព័ត៌មាន”ខ្មែរជាយដែន”ប្ដឹងលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ លោកស្នងការរង និងលោកអធិការក្រុងប៉ោយប៉ែត!

(ភ្នំពេញ)៖ លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មាន”ខ្មែរជាយដែន”នៅថ្ងៃទី២២.០៧.២០២៥ បានមកដាក់ពាក្យបណ្ដឹងប្ដឹងលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ,លោក នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ចូលក្រសួងមហាផ្ទៃ ដោយអះអាងថា មន្ត្រីទាំងនេះបានធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងបង្ខាំងរូបលោក ក្នុងចម្រឹងជញ្ជាំងទ្រុងដែកតាមតែអំពើចិត្ត.!!។

-ករណីនេះ ត្រូវបានអធិការក្រុងប៉ោយប៉ែត ចេញលិខិតបដិសេធចោល!។

ក្នុងបណ្តឹងនោះ លោក អ៊ុង ថាប់រាំង អាយុ៥៨ឆ្នាំ ជាចាងហ្វាងសាព័ត៌មាន”ខ្មែរជាយដែន”បានរាយការណ៍ជូនឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា កាលពីថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក រូបលោកបានចូលបំភ្លឺនៅស្នងការខេត្តបន្ទាយមានជ័យ តាមលិខិតកោះហៅចំនួនពីរលើកផ្សេងគ្នា!។
ដោយលិខិតកោះហៅនោះ ចុះហត្ថលេខា ដោយលោក នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ។

លិខិតកោះហៅ ចុះថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ ឱ្យរូបលោក ចូលបំភ្លឺនៅម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ ស៊ូ វណ្ណា!។

ចំណែកលិខិតកោះហៅ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឱ្យរូបលោកចូលបំភ្លឺនៅម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្ដឹងរបស់លោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត។

ក្រោយពីរូបលោកឆ្លើយបំភ្លឺ លោកក៏ត្រូវបានបង្ខាំងទុក ក្នុងចង្រឹងទ្រុងដែក ក្នុងស្នងការខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ទោះបីជាដឹងច្បាស់ហើយថា រូបលោកគ្មានទោសកំហុស ដូចដែលការចោទប្រកាន់របស់ដើមបណ្ដឹង.!!។

លោក អ៊ុង ថាប់រាំង បន្តទៀតថាដើមហេតុ ដែលនាំឱ្យពួកគេរៀបចំសេនារីយោ ធ្វើបាបរូបលោកបែបនេះ។ គឺដោយសារតែពួកគេ ខឹងនឹងលោកចុះផ្សាយព័ត៌មានក្នុងគេហទំព័រ និងហ្វេសប៊ុកផេកឈ្មោះ”សារព័ត៌មានខ្មែរជាយដែន”អំពីករណីបណ្ដឹងចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ របស់ប្រជា ពលរដ្ឋឈ្មោះ យឹង សារ៉ាត់ ដែលបានប្តឹងលោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍!!។

-យ៉ាងណាមិញ ក្រោយឃើញលោក អ៊ុង ថាប់រាំង ប្ដឹងមេៗប៉ូលិសខេត្ត ចូលក្រសួងមហាផ្ទៃដូច្នេះ នៅថ្ងៃទី២២.០៧.២០២៥ អ្នកនាំពាក្យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញលិខិតបំភ្លឺ ដោយអះអាងថា ឈ្មោះ អ៊ុង ថាប់រាំង គឺរងបណ្ដឹងពីលោក ព្រហ្ម ពិសិដ្ឋ និងលោក ស៊ូ វណ្ណា
ពីបទ៖ បរិហារកេរ្តិ៍ និងញុះញង់។

ក្នុងនោះឈ្មោះ អ៊ុង ថាប់រាំង បានចូល
បំភ្លឺនៅស្នងការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥។
ក្រោយពីសាកសួរ ឯកឧត្តម ព្រះរាជអាជ្ញា បានអនុញ្ញាតឱ្យឃាត់ខ្លួន រួចកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្ត នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងនោះ ពេលសាកសួរមិនទាន់ចប់ ព្រះរាជអាជ្ញារង បានផ្ញើ លោក អ៊ុង ថាប់រាំង មកស្នងការដ្ឋាននគរបាលខេត្តវិញ ដោយឃាត់ទុកក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន!។
នៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ព្រះរាជអាជ្ញារង បានធ្វើការសាកសួរបន្តរហូត់ដល់ចប់ រួចបានសម្រេចអនុញ្ញាតឱ្យលោក អ៊ុង ផាប់រាំង ត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន!។

ក្រោមហេតុផល ស្ម័គ្រចិត្តទទួលនូវកំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ នូវសកម្មភាពប៉ះពាល់ដល់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាពិសេសអធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើលិខិតសុំទោស និងកែតម្រូវ។

-អ្នកនាំពាក្យអធិការក្រុងប៉ោយប៉ែត បានចាត់ទុកការប្ដឹងរបស់លោក អ៊ុង ថាប់រាំង ខាងលើថា ជាការចោទប្រកាន់ដោយ ពុំបានយល់ច្បាស់ពីនីតិវិធី មកលើថ្នាក់ដឹកនាំរបស់ស្នងការដ្ឋាន និងសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះពាក្យ បណ្តឹងរបស់លោក អ៊ុង ថាប់រាំង ដែលធ្វើឡើង ។
បណ្តាលឱ្យមានការភ័ន្តច្រឡំដល់សាធារណជន ប៉ះពាល់ដល់ កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល និងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេស អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕

Leave a Reply

Your email address will not be published. Required fields are marked *