មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតាំងតែពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តែមិនមានបញ្ជាក់លម្អិត ពីមូលហេតុនោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានឱ្យដឹងថាលោក Austin បានចូលសម្រាកព្យាបាលនៅឯ មន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃទី១ ខែមករា ដោយសារតែមានបញ្ហាបន្តិចបន្តួចក្នុងដំណើរការព្យាបាល និងពិនិត្យសុខភាព។
លោក Ryder មិនបានបញ្ជាក់លម្អិតពីបញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិកនោះទេ ដោយសំអាងលើឯកជនភាពរបស់អ្នកជំងឺ។
ប៉ុន្តែ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថាលោក Austin ដែលមានអាយុ ៧០ឆ្នាំ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ហើយត្រូវបានរំពឹងថាអាចនឹងត្រឡប់ទៅបំពេញការងារ វិញនៅថ្ងៃសុក្រសប្ដាហ៍នេះ។
គួរបញ្ជាក់ថា អំឡុងលោក Austin សម្រាកនៅមន្ទីរពេទ្យ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks នឹងទទួលបន្ទុកកិច្ចការគ្រប់យ៉ាងជំនួស រដ្ឋមន្ត្រីការពារជាតិ នៅក្នុងករណីចាំបាច់៕