គណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទ្ទីង ដើម្បីរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា!

(ភ្នំពេញ)៖ នៅមុខសាលមហោ ស្រពកោះពេជ្រនាព្រឹកថ្ងៃទី ៧មករា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធមិទ្ទីងយ៉ាងមហោឡារឹក ។
ដើម្បីរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១. ២០២៤) យ៉ាងមហោឡារឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមជាមួយវត្តមានសម្តេចអនុប្រធានគណបក្ស សមាជិក សមាជិកាអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាប់ម៉ឺននាក់។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖យើងប្រារព្ធខួបទី ៤៥នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែល របបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូ- បការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន ប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំង ស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និង អយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ, និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំង អស់បានទៅកាន់សុគតិភពជារៀងរហូត។

សម្តេចបន្តថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ- ១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១ មក ហើយបាននិងកំពុងបន្ត ដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

រយៈពេល ៥ឆ្នាំខាងមុខនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ ២០៥០។

ក្នុងន័យនេះ សម្រាប់ឆ្នាំ ២០២៤នេះ សម្តេចបានផ្តល់អនុសាសន៍ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗដូចខាងក្រោម៖

១- ការប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ព្រម

ទាំងការធានានូវសិទ្ធិសេរី ភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន។

២-ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យជនណាមកបំពារបំពានបានឡើយ។

៣- ការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន។

៤- ការបន្តរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាចីរភាពនៃកំណើនប្រកបដោយបរិយាបន្ន តាមរយៈការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប និងការរក្សាស្ថិរភាពអាត្រាប្តូរប្រាក់ ព្រមទាំងជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងមុតស្រួច។

៥- ការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារ ប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។

៦- ការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាម ស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា តាមរយៈការអនុវត្តកិច្ច

ព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាជាមួយគណបក្សចំនួន ២៧ ផ្សេងទៀត កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជា ការជំរុញអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព។

៧- ការគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

៨- ការបន្តជំរុញអនុវត្តនូវនយោបាយការបរទេសដោយឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ។

យកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាមួយប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងការ បន្តចូលរួមសកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងបញ្ហាប្រឈមនានានៃពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *