Breaking៖ ចិន ប្រើប្រាស់កម្មវិធីកែប្រែអាកាសធាតុដ៏ធំបំផុតលើពិភពលោក ដើម្បីបង្កើនបរិមាណទឹកភ្លៀង!

ប្រទេសចិន ប្រើប្រាស់កម្មវិធីកែប្រែអាកាសធាតុដ៏ធំបំផុតរបស់ពិភពលោក ដែលបាញ់រ៉ុក្កែតចូលទៅក្នុងពពក ដើម្បីបង្កើនបរិមាណទឹកភ្លៀង និងប្រយុទ្ធប្រឆាំង នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បច្ចេកវិទ្យានេះត្រូវបានគេស្គាល់ថាការបង្កាត់ពពក(cloud seeding) ដែលមានគោលបំណងជំរុញឱ្យពពកបង្កើតជាដំណក់ទឹកភ្លៀង។

កម្មវិធីកែប្រែអាកាសធាតុរបស់ចិនមានទំហំធំសម្បើម និងមានគោលដៅច្បាស់លាស់ធំៗចំនួន៤ គឺទី១ បន្ធូរបន្ថយគ្រោះរាំងស្ងួត ដោយជំរុញឱ្យមានភ្លៀងធ្លាក់ដើម្បីជួយដល់វិស័យកសិកម្ម ជាពិសេស នៅតំបន់ស្ងួតហួតហែង។ ទី២ កាត់បន្ថយការធ្លាក់ព្រឹល ដោយប្រើបច្ចេកវិទ្យានេះក៏អាចជួយកាត់បន្ថយការធ្លាក់ព្រឹលដែលបង្កការខូចខាតដល់ដំណាំផងដែរ។ ទី៣ ធានាបាននូវអាកាសធាតុល្អ គឺត្រូវតែ ធានាឱ្យបាននូវមេឃស្រឡះសម្រាប់ព្រឹត្តិការណ៍សំខាន់ៗថ្នាក់ជាតិ ដូចជាកីឡាអូឡាំពិក ឬពិធីផ្សេងៗ និងទី៤ គឺកាត់បន្ថយការបំពុលបរិយាកាស ដោយកម្មវិធីនេះគឺអាចប្រើបង្កើតភ្លៀងអាច ជួយលាង សម្អាត ខ្យល់ចេញពីភាគល្អិតបំពុល (PM2.5)។
ទោះបីជាមន្ត្រីចិនអះអាងថាកម្មវិធីនេះទទួលបានជោគជ័យក៏ដោយ ក៏ប្រសិទ្ធភាពរបស់វានៅតែជាប្រធានបទដ៏ចម្រូងចម្រាសក្នុងចំណោមអ្នកវិទ្យាសាស្ត្រ។ អ្នកជំនាញខ្លះយល់ថា វាពិបាកក្នុងការបញ្ជាក់ ឱ្យច្បាស់ថា តើភ្លៀងដែលបានធ្លាក់មក គឺជាលទ្ធផលនៃការបង្កាត់ពពក ឬជាបាតុភូតធម្មជាតិ។
ទោះជាយ៉ាងណា ប្រទេសចិននៅតែបន្តវិនិយោគលើបច្ចេកវិទ្យានេះ ហើយបានពង្រីកកម្មវិធីរបស់ខ្លួនកាន់តែធំឡើងៗ ដោយប្រើប្រាស់ទាំងរ៉ុក្កែត យន្តហោះ និងដ្រូន ដើម្បីគ្រប់គ្រងអាកាសធាតុឱ្យបានតាមតម្រូវការ៕

Leave a Reply

Your email address will not be published. Required fields are marked *