Breaking៖ អាជ្ញាធរមីនកម្ពុជា ច្រានចោលចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃ ករណីទាហានថៃបីនាក់ជាន់មីនបណ្តាលឲ្យរបួសធ្ងន់!

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានបដិសេធទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដោយបានចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មី។

កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជា មានមោទកភាព ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែល កម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជា បានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាងមួយលានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាងបីលានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថភាពដល់សហគមន៍។

មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ ជា សាធារណៈណាមួយ។ ការចោទប្រកាន់ដោយគ្មានការពិត នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់ បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នា នៅក្នុងស្ថានភាពនេះ។

កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈ- កម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវ ចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការជាមួយភាគីថៃ សហគមន៍អាស៊ាន និង សហគមន៍មីនអន្តរជាតិ ដើម្បីប្រកាន់ខ្ជាប់នូវសន្តិភាព និងលើកកម្ពស់សុខសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *