(កោះកុង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបទៅកាន់ក្រុមអ្នករិៈគន់មួយក្តាប់តូចថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា ។
គឺធ្វើឡើងសម្រាប់រំលឹកគុណបុគ្គលនេះ ឬប្រទេសណានោះ មិនពិតនោះឡើយ ខណៈការកំណត់យកថ្ងៃទី២៩ ខែធ្នូ ឲ្យមានការឈប់សម្រាកជាសាធារណៈនេះ ។
គឺដើម្បីរំលឹកដល់គុណតម្លៃនៃសន្តិភាពនៅកម្ពុជា និងដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលស្រលាញ់នូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការកំណត់យកថ្ងៃ២៩ ធ្នូ ជាទិវាជាតិសន្តិភាព គឺដើម្បីជាការំលឹកគុណតម្លៃនៃសន្តិភាព ដែលខិតខំរកបានយ៉ាងលំបាក ហើយក៏សម្រាប់ខ្មែរទាំងអស់គ្នា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាមជាដើម ដូច្នេះសម្តេចបានផ្តាំទៅក្រុមប្រឆាំងថា បើអ្នកណាមិនពេញ ហើយជំទាស់នឹងទិវាសន្តិភាពនេះ សូមអ្នកទាំងនោះកុំឈប់សម្រាកឱ្យសោះ៕