កាលពីថ្ងៃសុក្រ ទី១៥ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska។ ក្រោយកិច្ចប្រជុំជិត៣ម៉ោងត្រូវបានបញ្ចប់មេដឹកនាំទាំង២ សុទ្ធតែបានប្រកាសពីភាពរីកចម្រើន។ ប៉ុន្តែ ទាំងលោក ត្រាំ និងលោក ពូទីន បានបញ្ចប់សន្និសីទសារព័ត៌មានរួមដោយដើរចេញទាំងមិនបានពន្យល់ថាតើអ្នកទាំង២សម្រេចបានលទ្ធផលអ្វីឱ្យពិតប្រាកដ ក្នុងកិច្ចប្រជុំ។ តែរឿងដែលច្បាស់នោះគឺ គ្មានកិច្ចព្រមព្រៀង ឬក៏បទឈប់បាញ់ណាមួយនោះទេ។
នៅឯសន្និសីទជាមួយលោក ពូទីន លោក ត្រាំ បាននិយាយថា មានចំណុចជាច្រើនដែលយើងបានឯកភាពគ្នា ហើយមានចំណុចមួយចំនួនដែលយើងមិនទាន់ឯកភាពគ្នា តែយើងបានបង្កើតភាពរីកចម្រើនខ្លះៗ ។ លោក ត្រាំ និងលោក ពូទីន បានដើរចេញពីសន្និសីទសារព័តមានដោយមិនបានឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទេ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីលទ្ធផលនៃកិច្ចប្រជុំកំពូលត្រាំ-ពូទីន៖
1 មានភាពរីកចម្រើន តែគ្មានកិច្ចព្រមព្រៀង
ក្រោយកិច្ចប្រជុំចាយពេលជិត៣ម៉ោង ទាំងលោក ត្រាំ និងលោក ពូទីន បានអះអាងដូចគ្នាពីភាពរីកចម្រើនក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុង Anchorage នៃរដ្ឋ Alaska។ ប៉ុន្តែមេដឹកនាំទាំង២ បានចាកចេញពីរដ្ឋ Alaska ត្រឡប់ទៅផ្ទះវិញដោយមិនបានប្រកាសពីកិច្ចព្រមព្រៀង ឬបញ្ជាក់ឱ្យច្បាស់ថាតើអ្វីទៅជាភាពរីកចម្រើនដែលអ្នកទាំង២សម្រេចបាននោះទេ។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងពិតជា មានកិច្ចប្រជុំមួយប្រកបដោយផ្លែផ្កា ហើយមានចំណុចជាច្រើនដែលយើងបានឯកភាពគ្នា។ នៅមានចំណុចសំខាន់ខ្លះដែលយើងមិនទាន់ឯកភាព ប៉ុន្តែយើងបានបង្កើតភាពរីកចម្រើន។ ដូច្នេះមិនមានកិច្ចព្រមព្រៀង ទេ រហូតទាល់តែវាជាកិច្ចព្រមព្រៀងមួយ។
1 លោក ពូទីន ឈ្នះតាំងតែពីមុន និងក្រោយកិច្ចប្រជុំជាមួយលោក ត្រាំ
ក្រុមអ្នកវិភាគលោកខាងលិចបាននិយាយថាលោក ពូទីន គឺជាអ្នកទទួលបានជ័យជម្នះតាំងពីនៅមុនរូបលោកធ្វើដំណើរទៅដល់រដ្ឋ Alaska មកម្ល៉េះ។ ជាច្រើនឆ្នាំក្រោយលោកខាងលិចបែរខ្នងដាក់ លោក ពូទីន បានវិលត្រឡប់ទៅកាន់ទឹកដីអាមេរិកជាលើកដំបូងក្នុងពេលមួយទសវត្សរ៍ ជាមួយការស្វាគមន៍ដោយក្បួនយន្ដហោះចម្បាំង កម្រាលព្រំពណ៌ក្រហម និងជិះក្នុងរថយន្ដ Beast ដែលជារថយន្ដពាសដែករបស់លោក ត្រាំ។ លោក ពូទីន ក៏បានទទួលជ័យជម្នះផងដែរនៅពេលកិច្ចប្រជុំបិទបញ្ចប់ ជាមួយការចាកចេញពីទឹកដីសហរដ្ឋអាមេរិកដោយមិនបាច់ធ្វើសម្បទានធំដុំណាមួយទេ ខណៈនៅតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីលោក ត្រាំ។ មួយរយៈកន្លងមកនេះ លោក ត្រាំ បានបង្ហាញការខកចិត្តម្ដងហើយម្ដងទៀតចំពោះលោក ពូទីន ពីព្រោះលោកផ្ដើមមើលឃើញថាមេដឹកនាំរុស្ស៉ីរូបនេះគឺជាឧបសគ្គរារាំងឆ្ពោះទៅរកបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ក៏ប៉ុន្តែកាលពីថ្ងៃសុក្រ លោក ត្រាំ មិនបានបង្ហាញការខកចិត្តអ្វីទេ បើទោះជាលោកផ្ទាល់បានប្រកាសថាមិនមានការឈានដល់កិច្ចព្រមព្រៀងណាមួយ ក៏ដោយ ហើយថែមទាំងនិយាយទៀតផងថារូបលោកមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក ពូទីន។
1 លោក ត្រាំ បង្ហាញការគោរពចំពោះលោក ពូទីន
បើទោះជាកិច្ចប្រជុំកំពូលធ្វើឡើងនៅលើទឹកដីអាមេរិកក៏ពិតមែន តែលោក ត្រាំ បានផ្ដល់កិតិ្តយសឱ្យលោក ពូទីន ឡើងនិយាយមុននៅឯសន្និសីទសារព័ត៌មានរួម។ មេដឹកនាំរុស្ស៉ីបានប្រើឱកាសនេះបង្ហាញទស្សនៈ របស់លោកផ្ទាល់ចំពោះសង្រ្គាមនៅអ៊ុយក្រែន និងអ្វីដែលលោកបានអះអាងថាជាឫសគល់បង្កឱ្យមានសង្រ្គាមកើតឡើង។ លោក ពូទីន បានថែ្លងសុន្ទរកថាដោយរលូន និងក្រោមទឹកមុខញញឹមរបស់លោក ត្រាំ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ដែលប្ដេជ្ញាចិត្តចង់បានពានរង្វាន់ណូបែលសន្តិភាព មិនបាននិយាយអ្វីសោះជុំវិញការទាមទាររបស់លោកកន្លងមកពីភាពចាំបាច់ត្រូវតែមានបទឈប់បាញ់ជាបន្ទាន់មួយជាលទ្ធផលនៃ កិច្ចប្រជុំកំពុងរវាងលោក និងលោក ពូទីន។ ពោលគឺផ្ទុយពីអ្វីដែលលោកបានគំរាម។ លោក ត្រាំ កាលពីប៉ុន្មានថ្ងៃមុនបានគំរាមថា រុស្ស៉ីនឹងត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនព្រមទទួលយកសន្តិភាព ឬបទឈប់បាញ់នៅអ៊ុយក្រែន។ ដូច្នេះគេនឹងត្រូវរង់ចាំមើលបន្តទៀតថាតើផលវិបាក ដូចជាការដាក់ទណ្ឌកម្មបន្ទាប់បន្សំដែលលោកបានគំរាមអាចនឹងក្លាយជាការពិតឬក៏អត់?
1 លោក ហ្សេលេនស្គីត្រូវបានគេទុកចោលនៅម្ខាងសិនក្នុងពេលនេះ
មនុស្សដ៏សំខាន់ម្នាក់ដែលគួរណាស់មានវត្តមានក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រដែរ នោះគឺលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានត្រឹមអង្គុយមើលកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន តាមកញ្ចក់ទូរស្សន៍។ លោក ហ្សេលេនស្គីមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៅ Alaska ទេ ខណៈលោក ត្រាំ និយាយថារូបលោកនឹងហៅទូរស័ព្ទទៅកាន់មេដឹកនាំអឺរ៉ុប និងលោក ហ្សេលេនស្គី ក្រោយ ចាកចេញពីរដ្ឋ Alaska ដើម្បីផ្ដល់ព័ត៌មានដល់ពួកគេអំពីកិច្ចប្រជុំរបស់លោក។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ក្រោយបញ្ចប់កិច្ចប្រជុំជាមួយលោក ពូទីន លោក ត្រាំបានទទូចថាលោកជឿជាក់ថា នឹងមានការរៀបចំជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី ហើយថារូបលោកអាចនឹងចូលរួមក្នុងជំនួបនេះដែរ៕