បណ្តាមេដឹកនាំអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ បន្ទាប់ពីមានជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រ ទី១៥ ខែសីហា។
ប្រភពពីសារព័ត៌មាន Reuters។
ប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថាយេីងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោកត្រាំ ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងសម្រេចបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
ដោយបានបន្ថែមថាយើងក៏ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រធានាធិបតី ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ដើម្បីឆ្ពោះទៅរកកិច្ចប្រជុំកំពូលត្រីភាគីដោយមានការគាំទ្រពីអឺរ៉ុប៕