(ភ្នំពេញ)៖ ក្រសួងសាធារណការ បានជូនដំណឹង នៅថ្ងៃទី២៦សីហា ថាដើម្បីពង្រឹងសុវត្ថិភាព ម្ចាស់នាវា និងអ្នកដំណើរ ត្រូវតាមដានព័ត៌មានព្យាករអាកាសធាតុជាប្រចាំ ហើយត្រូវអនុវត្តតាមការណែនាំ ដូចជាការផ្អាកចេញដំណើរនាវា នាវាចម្លង ឬរកទីសំចតបណ្តោះអាសន្នដែលមានសុវត្ថិភាពឱ្យបានទាន់ពេលវេលា មុនពេលអាកាសធាតុអាក្រក់កើតឡើង។
ម្ចាស់នាវា ក៏ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងថែទាំនាវាខ្លួន ទាំងសំបកតួ និងគ្រឿងម៉ាស៊ីន ឱ្យស្ថិតក្នុងស្ថានភាពប្រតិបត្តិការល្អជានិច្ច។ នៅក្នុងសេចក្តីជូនដំណឹងនោះបន្តថា ម្ចាស់នាវាត្រូវពិនិត្យគុណភាពរបស់សម្ភារៈសង្គ្រោះជីវិតដូចជា អាវពោង ពោងកង ព្រមទាំងណែនាំពីវិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវដល់អ្នកដំណើរ។ ម៉្យាងវិញទៀត ត្រូវពិនិត្យ គុណភាពបំពង់ពន្លត់អគ្គិភ័យ ខ្សែពួរចងនាវា យុថ្កា និងបរិក្ខារសង្គ្រោះបឋមឱ្យស្របតាមទំហំនាវានឹងចំនួននាវិក ព្រមទាំងអ្នកដំណើរ។
ជៀសវាងការទុក្ខដាក់ទំនិញមិនបានត្រឹមត្រូវធ្វើឱ្យនាវាបាត់លំនឹង បង្កឱ្យមានគ្រោះថ្នាក់កើតឡើង។
ក្នុងនោះដែរក្រសួងក៏បានរំឭកដល់អ្នកដំណើរត្រូវគោរពតាមការណែនាំនៅពេលឡើង-ចុះនាវា ពេលធ្វើដំណើរ និងក្នុងស្ថានភាពគ្រោះអាសន្ន ដើម្បីបញ្ចៀសភាពបាត់បង់ការគ្រប់គ្រង ដែលនាំមានគ្រោះថ្នាក់នាវាចរណ៍ធ្ងន់ធ្ងរកើតឡើង៕