កាលពីថ្ងៃអង្គារទី២៦ខែសីហា ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសប៉ូឡូញ ជាមួយនឹងតម្លៃប៉ាន់ស្មានចំនួន 1.85 ពាន់លានដុល្លារ។
ប្រភពពីសារព័ត៌មានAnadolu Agency។
តាមសេចក្តីថ្លែងការណ៍របស់ DSCA ការលក់នេះនឹងរួមមាន ការកែប្រែសំខាន់ៗ និងតូចតាច ការផ្គត់ផ្គង់គ្រឿងបន្លាស់ ផ្នែកទន់ ឯកសារបច្ចេកទេស និងសេវាកម្មវិស្វកម្មពីអ្នកម៉ៅការ ដើម្បីគាំទ្រកងអាកាសប៉ូឡូញក្នុងការប្រើប្រាស់ និងថែទាំកងនាវា F-35។
រដ្ឋបាលអាមេរិកបានបញ្ជាក់ថា ការលក់ដែលបានស្នើឡើង នឹងជួយពង្រឹងសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ និងបន្ថែមសមត្ថភាពការពាររបស់ប៉ូឡូញ ក្នុងការទប់ស្កាត់ និងដោះស្រាយការគំរាមកំហែងទាំងបច្ចុប្បន្ន និងអនាគត។
ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងមិនបង្កឲ្យមានការផ្លាស់ប្តូរតុល្យភាពយោធានៅក្នុងតំបន់ និងមិនប៉ះពាល់អវិជ្ជមានដល់សមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិកឡើយ។
កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង F-35 ដល់ប៉ូឡូញនេះ គេជឿថា ជាផ្នែកមួយនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងប្រទេសសមាជិកណាតូ ក្នុងការរក្សាសន្តិសុខតំបន់អ៊ឺរ៉ុប៕