Breaking៖ ទាហានប៉ាគីស្ថាន១២នាក់ បានស្លាប់អំឡុងពេលប៉ះទង្គិចនៅក្នុងប្រទេសជាមួយក្រុមភេរវករ!

យោធាប៉ាគីស្ថានបានប្រកាសថា ទាហានយ៉ាងហោចណាស់ 12 នាក់ត្រូវបានស្លាប់ ក្នុងអំឡុងពេលប៉ះទង្គិចជាមួយក្រុមភេរវករ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ចន្លោះពីថ្ងៃទី 10 ដល់ 13 ខែកញ្ញា។

ប្រភពពីសារព័ត៌មានAnadolu Agency។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់យោធាបានបញ្ជាក់ថា ភេរវករ 35 នាក់ ដែលជាសមាជិកក្រុម Tehreek-e-Taliban Pakistan (TTP) ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាពីរដាច់ដោយឡែក។

ប្រតិបត្តិការលើកដំបូង បានប្រព្រឹត្តទៅនៅស្រុក Bajaur ដែលជនសកម្មប្រយុទ្ធចំនួន 22 នាក់ត្រូវបានបញ្ជូនទៅស្លាប់។ ខណៈពេលប្រតិបត្តិការលើកទីពីរ នៅតំបន់ South Waziristan ទាហានប៉ាគីស្ថាន 12 នាក់ និងភេរវករ 13 នាក់ក៏បានស្លាប់ដែរ។

សេចក្តីថ្លែងការណ៍របស់យោធាបានពិពណ៌នាពួកសកម្មប្រយុទ្ធទាំងនេះថា ជា “Fitna al Khwarij” ដោយយោងទៅក្រុម TTP ដែលត្រូវបានហាមឃាត់។

ប៉ាគីស្ថានកំពុងប្រឈមមុខនឹងការកើនឡើងនៃសកម្មភាពភេរវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អាជ្ញាធរអ៊ីស្លាម៉ាបាដបានចោទប្រកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថានថា បរាជ័យក្នុងការទប់ស្កាត់ក្រុម TTP មិនឱ្យប្រើដីដ្ឋានរបស់ខ្លួន ដើម្បីវាយប្រហារលើប្រទេសជិតខាង។
យ៉ាងណាក៏ដោយ ការបដិសេធមកពីភាគីកាប៊ុលបានលើកឡើងថា អាហ្វហ្គានីស្ថានប្តេជ្ញាខ្លាំងក្នុងការមិនអនុញ្ញាតឱ្យប្រទេសនេះក្លាយជាទីប្រជុំសម្រាប់ការវាយប្រហារលើប្រទេសជិតខាង៕

Leave a Reply

Your email address will not be published. Required fields are marked *