(ភ្នំពេញ)៖ កាលពីថ្ងៃអង្គារទី១៦ខែកញ្ញា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថាពេលថ្មីៗនេះ កំពុងរកឃើញការកើនឡើងនៃករណីជំងឺ ពងបែក ដៃ ជើង និងមាត់ (Hand, Foot and Mouth Disease – HFMD) ជាពិសេសលើកុមារអាយុក្រោម ៥ ឆ្នាំ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងពិនិត្យព្យាបាលតាមមូលដ្ឋានសុខាភិបាលជាបន្ទាន់។
ជំងឺ HFMD ត្រូវបានបង្កឡើងដោយវីរុសក្នុងក្រុមអង់តេរ៉ូវីរុស ជាញឹកញាប់គឺវីរុសកុកសាគី។ ជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការប៉ះពាល់ទៅនឹងទឹកមាត់ កំហាក សំបោរ ទឹករងៃពីពងបែក និងលាមក។ អ្នកជំងឺអាចឆ្លងខ្លាំងបំផុតក្នុងសប្តាហ៍ដំបូង ប៉ុន្តែមិនឆ្លងពីមនុស្សទៅសត្វ ឬពីសត្វទៅមនុស្សឡើយ។
រោគសញ្ញាដែលត្រូវប្រុងប្រយ័ត្ន រួមមាន៖ មានគ្រុនក្តៅ ដំបៅឈឺក្នុងមាត់ ពងកន្ទួលលើបាតដៃ បាតជើង និងកំប៉ះគូទ។ ភាគច្រើនជំងឺមានសភាពស្រាល និងជាសះស្បើយក្នុងរយៈពេល ៧–១០ ថ្ងៃ ដោយគ្រាន់តែប្រើថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់។ ទោះយ៉ាងណា អ្នកជំងឺមិនត្រូវប្រើថ្នាំ Aspirin ទេ។
ក្រសួងបានព្រមានថា ទោះជាកម្រមានករណីក៏ដោយ HFMD អាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ កន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)។ ក្នុងករណីមានរោគសញ្ញាដូចនេះ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់។
វិធានការបង្ការ រួមមាន៖
-លាងដៃជាញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬអាល់កុល
-លាងសម្អាតរបស់ប្រើប្រាស់ និងផ្ទៃដែលប្រលាក់
-ជៀសវាងការប៉ះពាល់ស្និទ្ធស្នាលជាមួយកុមារដែលមានជំងឺ
-ប្រើស្លាបព្រា និងចានដាច់ដោយឡែកសម្រាប់កុមារម្នាក់ៗ
-រក្សាកុមារឱ្យស្នាក់នៅផ្ទះ នៅពេលកំពុងមានជំងឺ មិនឲ្យទៅ សាលា ឬមណ្ឌលទារកដ្ឋាន
-ផ្តល់អាហារដែលមានជីវជាតិ និងទឹកច្រើនៗ
ក្រសួងសុខាភិបាលអំពាវនាវឲ្យឪពុកម្តាយ និងអ្នកថែទាំកុមារប្រុងប្រយ័ត្ន ចាប់អារម្មណ៍លើរោគសញ្ញានៃជំងឺនេះ ដើម្បីទទួលបានការពិគ្រោះយោបល់ និងពិនិត្យព្យាបាលឱ្យទាន់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែម អ្នកប្រជាពលរដ្ឋអាចទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ៕