Breaking៖ ឥស្សរជនប្រមាណជា១៣០នាក់ អំពាវនាវឱ្យបារាំងនិងបែលហ្ស៊ិក ការពារកងនាវាដែលធ្វើដំណើរទៅតំបន់ហ្គាហ្សា!

ឥស្សរជនសាធារណៈប្រមាណ 130 នាក់ រួមមានតារាចម្រៀង ឌីជេ និងអ្នកបង្កើតមាតិកា បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃសៅរ៍ ទាមទារឲ្យប្រទេសបារាំង និងបែលហ្ស៊ិកផ្តល់ការការពារផ្នែកការទូត និងកុងស៊ុលសម្រាប់កងនាវា Global Sumud Flotilla ដែលកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មាន Anadolu នៅថ្ងៃទី២៨ខែកញ្ញា។

សេចក្តីថ្លែងការណ៍ដែលបោះពុម្ពផ្សាយក្នុងកាសែតបារាំង Nouvel Obs បានបញ្ជាក់ថា៖ យើងទាមទារការការពារសុវត្ថិភាពកងនាវា ហើយអំពាវនាវឱ្យរដ្ឋាភិបាលរបស់ Emmanuel Macron និង Bart De Wever ផ្តល់ការការពារផ្នែកការទូត និងកុងស៊ុលសម្រាប់ទូកដែលដឹកជនជាតិបារាំង និងបែលហ្ស៊ិក

ក្នុងចំណោមអ្នកចុះហត្ថលេខា មាន DJ Snake តារាចម្រៀងបែលហ្ស៊ិក Angele និងអ្នកបង្កើតមាតិកាបារាំង Lena Mahfouf។ ពួកគេបានអះអាងថា សកម្មភាពរបស់កងនាវា Global Sumud Flotilla និង Thousand Madleen គឺស្របច្បាប់ និងមិនហឹង្សា ដូច្នេះមិនគួរត្រូវរងការវាយប្រហារ ឬរារាំងឡើយ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសចំនួន 16 រួមទាំងអេស្ប៉ាញ និងអៀរឡង់ បានផ្តល់ការការពារការទូតដល់ជនជាតិរបស់ពួកគេ។ ទោះជាយ៉ាងណា បារាំង និងបែលហ្ស៊ិក “នៅស្ងៀមស្ងាត់” ទោះបីជាច្បាប់អន្តរជាតិទាមទារឲ្យរដ្ឋធានាសិទ្ធិស៊ីវិលក្នុងតំបន់ជម្លោះក៏ដោយ។

កងនាវា Global Sumud Flotilla ដែលមាននាវាប្រមាណ 50 គ្រឿង បានចេញដំណើរកាលពីដើមខែនេះ ដើម្បីបំបែកការបិទផ្លូវសមុទ្រដោយអ៊ីស្រាអែល និងដឹកជញ្ជូនជំនួយមនុស្សធម៌ ជាពិសេសសម្ភារៈវេជ្ជសាស្រ្ត ទៅកាន់ហ្គាហ្សា។

តាំងពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2025 មក អ៊ីស្រាអែលបានបិទច្រកឆ្លងកាត់ហ្គាហ្សាទាំងស្រុង ដោយរារាំងអាហារ និងជំនួយ មូលហេតុនាំឲ្យស្ថានភាពទុរ្ភិក្សកាន់តែធ្ងន់ធ្ងរ។ អ្នករិះគន់បានចោទប្រកាន់ថា អ៊ីស្រាអែលប្រើវិធានការបិទផ្លូវនេះជាវិធីបង្កទុក្ខវេទនាជនស៊ីវិល៕

Leave a Reply

Your email address will not be published. Required fields are marked *