Breaking៖ រដ្ឋមន្ត្រីការពារជាតិស៊ីរី ប្រកាសបទឈប់បាញ់ជាមួយកងកម្លាំងឃឺដ!

រដ្ឋមន្ត្រីការពារជាតិស៊ីរី លោក Murhaf Abu Qasra បានប្រកាសនៅថ្ងៃអង្គារទី៧ ខែតុលា ថាប្រទេសស៊ីរីបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកងកម្លាំងឃឺដ បន្ទាប់ពីការប៉ះទង្គិចដ៏ខ្លាំងក្លារយៈពេលមួយយប់នៅទីក្រុងអាឡិបប៉ូ។
ប្រភពពីសារព័ត៌មានRoyaNews។

ក្នុងសារប្រកាសតាមបណ្តាញ X (Twitter) លោក Abu Qasra បាននិយាយថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើ “រណសិរ្សទាំងអស់ និងការដាក់ពង្រាយយោធានៅតំបន់ភាគខាងជើង និងភាគឦសានប្រទេសស៊ីរី ដោយការអនុវត្តនឹងចាប់ផ្តើមភ្លាមៗ។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងត្រូវបានសម្រេចបន្ទាប់ពីការជួបពិភាក្សាជាមួយមេដឹកនាំកងកម្លាំងឃឺដ Mazloum Abdi នៅទីក្រុងដាម៉ាស។ យើងបានយល់ព្រមលើបទឈប់បាញ់ទូលំទូលាយលើគ្រប់វិស័យ ដើម្បីបញ្ឈប់ការបង្ហូរឈាមនិងធានាស្ថិរភាពជាតិ។

កាលពីយប់មុន កងទ័ពស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃឺដ បានប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅសង្កាត់ Ashrafiyeh និង Sheikh Maqsoud ក្នុងទីក្រុងអាឡិបប៉ូ។

យោងតាមទូរទស្សន៍រដ្ឋស៊ីរី កងកម្លាំង SDF បានបាញ់ផ្លោងចូលក្នុងសង្កាត់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តធុនធ្ងន់ បណ្តាលឱ្យមន្ត្រីសន្តិសុខម្នាក់ស្លាប់ និងមន្ត្រីបីនាក់រងរបួស។ ជនស៊ីវិលម្នាក់ក៏ត្រូវបានស្លាប់ផងដែរ បន្ទាប់ពីគ្រាប់ផ្លោងមួយធ្លាក់លើសង្កាត់ Saif al-Dawla

កិច្ចព្រមព្រៀងឈប់បាញ់នេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការបញ្ចប់ភាពតានតឹងយូរឆ្នាំរវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងឃឺដ ដែលតែងតែជាបញ្ហាអស្ថិរភាពនៅតំបន់ភាគខាងជើងប្រទេសនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *