រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសនៅថ្ងៃពុធថា បានឈានដល់ការយល់ព្រមលើ បទឈប់បាញ់រយៈពេល 48 ម៉ោងជាមួយអាហ្វហ្គានីស្ថាន បន្ទាប់ពីការប៉ះទង្គិចយោធាដែលបណ្តាលឲ្យមានការស្លាប់រាប់សិបនាក់នៅតាមបណ្តោយព្រំដែនរបស់ទាំងពីរ។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី១៥ខែតុលា។
តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន បទឈប់បាញ់នេះត្រូវបានអនុវត្តតាម ការស្នើសុំរបស់អាហ្វហ្គានីស្ថាន ដោយមានគោលបំណងបញ្ឈប់ស្ថានការណ៍អំពើហឹង្សាដែលកើនឡើងយ៉ាងឆាប់រហ័សនៅព្រំដែនភាគខាងជើងនៃប្រទេស។
មួយម៉ោងក្រោយមក លោក Zabihullah Mujahid អ្នកនាំពាក្យរបស់រដ្ឋាភិបាលតាលីបង់ អាហ្វហ្គានីស្ថាន បានបញ្ជាក់អំពីបទឈប់បាញ់នេះថា វាមានដើមកំណើតមកពី ការទទូចរបស់ភាគីប៉ាគីស្ថាន ប៉ុន្តែគាត់មិនបានបញ្ជាក់ពីរយៈពេល 48 ម៉ោងទេ។ លោកបានបន្ថែមថា កងកម្លាំងអាហ្វហ្គានីស្ថានទាំងអស់ត្រូវបានណែនាំឲ្យគោរពតាមបទឈប់បាញ់នេះដរាបណាគ្មាននរណាបំពានវា។
ប៉ាគីស្ថានបានចោទប្រកាន់អាហ្វហ្គានីស្ថានថា អនុញ្ញាតឲ្យក្រុមប្រយុទ្ធប្រឆាំងរដ្ឋាភិបាលប៉ាគីស្ថាន ប្រើដែនដីអាហ្វហ្គានីស្ថានជាមូលដ្ឋានសម្រាប់ធ្វើប្រតិបត្តិការវាយប្រហារ។ តែភាគីតាលីបង់បានច្រានចោលការចោទប្រកាន់នេះ និងនិយាយថា ប្រទេសខ្លួនមិនគាំទ្រដល់សកម្មភាពអំពើភេរវកម្មទេ៕