Breaking៖ អ៊ុយក្រែន បញ្ជូនកងទ័ពជើងទឹកដើម្បីចូលរួមហ្វឹកហាត់និងបំពេញភារកិច្ចនៅប្រទេសអង់គ្លេសនិងទួរគី!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ អនុញ្ញាតឱ្យអង្គភាពនៃកងទ័ពជើងទឹកអ៊ុយក្រែន ត្រូវបានបញ្ជូនទៅប្រទេសទួរគី និងចក្រភពអង់គ្លេស ដើម្បីចូលរួមហ្វឹកហាត់ និងបំពេញភារកិច្ចក្រៅប្រទេស។ វាជាជំហានសំខាន់មួយក្នុងការទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខ និងការរឹតបន្តឹងក្រោមអនុសញ្ញា Montreux
ប្រភពពីសារព័ត៌មានKyiv នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2025។

យោងតាមគេហទំព័រផ្លូវការរបស់ Verkhovna Rada (សភាអ៊ុយក្រែន) លោក Zelensky បានចុះហត្ថលេខាលើឯកសារនេះកាលពីថ្ងៃអង្គារ ទី 21 ខែតុលា។ ច្បាប់នេះអនុញ្ញាតឲ្យអ៊ុយក្រែនបន្តសកម្មភាពជាមួយកងកម្លាំងជើងទឹកនៅបរទេស នៅពេលដែលនាវាចម្បាំងរបស់ខ្លួនមិនអាចត្រឡប់ទៅសមុទ្រខ្មៅបាន ដោយសារតែការរឹតបន្តឹងតាមអនុសញ្ញា Montreux។

អនុសញ្ញា Montreux ដែលបានចុះហត្ថលេខាឆ្នាំ 1936 បញ្ជាក់ថា ប្រទេសណាមានសង្រ្គាម ត្រូវបានហាមឃាត់មិនឲ្យឆ្លងកាត់នាវាចម្បាំងតាមច្រកទន្លេ Bosphorus និង Dardanelles លើកលែងតែប្រទេសទួរគី។ ការរឹតបន្តឹងនេះមានន័យថា នាវាចម្បាំងអ៊ុយក្រែនដែលស្ថិតក្រៅសមុទ្រខ្មៅ មិនអាចត្រឡប់មកវិញបានទេ។

ក្រោមច្បាប់ថ្មីនេះ នាវា Hetman Ivan Mazepa ប្រភេទ Ada-class Corvette ដែលកំពុងសាងសង់នៅប្រទេសទួរគី និងស្ថិតក្នុងដំណាក់កាលសាកល្បងសមុទ្រ នឹងទទួលបាននាវិកពេញម៉ោងរួមមានទាហានរហូតដល់ 106 នាក់។ ក្រុមនាវិកអ៊ុយក្រែនបានបញ្ចប់ការហ្វឹកហាត់សម្រាប់ការបម្រើការងារនៅលើនាវានេះតាំងពីខែមីនា ឆ្នាំ 2024។

គោលបំណងនៃការដាក់ពង្រាយនេះ គឺដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរបស់កងទ័ពជើងទឹកអ៊ុយក្រែន និងបន្តការសហការយោធាជាមួយប្រទេសសម្ព័ន្ធមិត្ត។ ការផ្ញើកងទ័ពទៅប្រទេសទួរគី និងចក្រភពអង់គ្លេស ក៏ជាផ្នែកមួយនៃការបង្កើនសមត្ថភាពសម្រាប់ការពារសមុទ្រ និងការអភិវឌ្ឍកងទ័ពជើងទឹកទំនើបរបស់អ៊ុយក្រែនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *