Update៖ អ្នកកាសែតប្ដឹងជន១ក្រុម ដែលតាំងខ្លួនជាអ្នករត់តាក់ស៊ី ពីបទជេរប្រមាថ ប្រើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ!

(បាត់ដំបង)៖ បន្ទាប់ពីឃើញមនុស្ស១ក្រុមគ្នា១៣នាក់ ចេញមុខអះអាងថាៈ ខ្លួនជាអ្នករត់តាក់ស៊ី និងបានប្ដឹងអ្នកសារព័ត៌មាន២នាក់ ក្នុងចំណោម៣នាក់ ចូលអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣.១១.២០២៣នោះមក!។

នៅថ្ងៃទី១៨.០១.២០២៤ លោក ផល្លា វុទ្ធី បានដាក់ពាក្យបណ្ដឹងប្ដឹងជនទាំង១៣នាក់ខាងលើវិញ ពីបទ៖«ជេរប្រមាថ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា»ចូលអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង។
ដែលបានប្រព្រឹត្ត នៅផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ពោលគឺ ជម្លោះមួយនេះ បានក្លាយទៅជារឿង ប្ដឹងទៅប្ដឹងមក
ខណៈមនុស្ស១៣នាក់ ប្ដឹងអ្នកកាសែត២នាក់ ពាក់ព័ន្ធបទ បរិហារកេរ្តិ៍ជាសាធារណៈ ដែលជាបទ«លហុ»។
រីឯអ្នកកាសែតប្ដឹង មនុស្ស១៣នាក់វិញ ពីបទ៖«ជេរប្រមាថ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា»ដែលជា«បទមជ្ឈិម»។

នៅក្នុងបណ្ដឹងនោះលោក ផល្លា វុទ្ធី បានអះអាងថាៈ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបលោករួមនិងលោក អ៊ឹម ហាច លោក ម៉ៅ ឧត្ដមមុន្នី បានចុះយកព័ត៌មាន ពាក់ព័ន្ធល្បែងស៊ីសង(អនឡាញ)បញ្ជល់មាន់តាមទូរទស្សន៍ នៅផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពេលនោះ ពួកខ្លួនបានឈរ លើចិញ្ចើមផ្លូវ ដើម្បីថតផ្ដិតយករូបភាពល្បែង(អនឡាញ)ពីចម្ងាយ ពោលគឺពុំបានចូលក្នុងហាងកាហ្វេ ដែលកំពុងលេងល្បែង(អនឡាញ)នោះឡើយ។

មិនដូច្នេះអី ខណៈពេលកំពុងថតផ្ដិតយករូបភាព នៃការបើកល្បែង(អនឡាញ) បែរជាក្រុមអ្នកភ្នាល់ល្បែង(អនឡាញ) ខឹងសម្បារមកលើពួកគាត់ជាខ្លាំង។
ភ្លាមនោះ អ្នកលេងល្បែង បានស្រែកជេរប្រមាថ មកលើពួកខ្លួនថា”ជាពួកកាសែតខ្ចប់មមីលមាន់”។
ទន្ទឹមនិងនោះលោក ផល្លា វុទ្ធី ក៏បានដើរទៅមុខហាងកាហ្វេ ដែលមានយីហោ”ប្រេស៊ីល”ដើម្បីសួរនាំ..?។

ស្រាប់តែលេចឈ្មោះ ជិន រតនា និងបក្ខពួកជាង១០នាក់ទៀត ដើរចេញពីហាងកាហ្វេ មកស្រែកគំហក ដាក់លោក និងច្រានទ្រូងលោក ផល្លា វុទ្ធី រួចពួកគេព្រួតគ្នាប្រើអំពើហិង្សា មកលើរូបលោក ហើយថែមទាំងវាយបំផ្លិចបំផ្លាញទូរស័ព្ទគាត់ និងរថយន្តរបស់ពួកខ្លួនទៀតផង!។

បណ្ដាលឱ្យបែកទូរស័ព្ទអស់១គ្រឿង និងខូចខាតទ្វារខាងស្ដាំនៃរថយន្ត ខណៈលោក ផល្លា វុទ្ធី ត្រូវក្រុមជនដៃដល់វាយឡើងទ្រមខ្លួន ដោយត្រូវសំរាកព្យាបាល នៅមន្ទីរពេទ្យមួយរយៈពេលខ្លី..!។

យ៉ាងណាក្ដី! ក្រោយកើតហេតុលោក ផល្លា វុទ្ធី ពុំបានដាក់ពាក្យបណ្ដឹងនោះទេ….!
-លុះឃើញជន១ក្រុម គ្នា១៣នាក់ ប្ដឹងខ្លួន ទើបរូបគាត់ សម្រេចប្ដឹងមនុស្សទាំង១៣នាក់នោះវិញ ដោយទារសំណងចំនួន ៩០០លានរៀល!។

គួរម្លឹកថាៈ កាលពីថ្ងៃទី២៣.១១.២០២៣ ឈ្មោះ ជិន រតនា ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅក្រុម៥៤ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចេញមកអះអាងថាៈ ខ្លួនជាអ្នករត់តាក់ស៊ី និងជាអ្នកតំណាងឱ្យ អ្នករត់តាក់ស៊ីចំនួន១២នាក់ទៀត។
បានប្ដឹងលោក ផល្លា វុទ្ធី និងលោក អ៊ឹម ហាច ទៅអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ក្រោមហេតុផលថា”ថតឡាយព័ត៌មាន ប្រើពាក្យមិនសមរម្យ និងចោទថា ពួកខ្លួនកាងល្បែងអនឡាញ”។

ទាក់ទិនការប្ដឹងទៅប្ដឹងមកនេះដែរ លោក ផល្លា វុទ្ធី បានថ្លែងមកកាន់«ដើមរាំង»ថា ពេលកើតហេតុនោះ រូបលោកចុះយកព័ត៌មាន មិនបានទារលុយពីគេទេ!។
ហើយក៏ពុំបានចូល ក្នុងហាងកាហ្វេ អ្វីដែរ ប៉ុន្តែរូបលោក បែរជារងការជេរប្រមាថ នឹងរងការប្រើអំពើហិង្សា ពីសំណាក់ក្រុមអ្នកញៀនល្បែងអនឡាញ-អ្នករត់តាក់ស៊ី ទៅវិញ!។

មិនតែប៉ុណ្ណោះ ក្រោយពួកគេព្រួតគ្នាវាយដំលើរូបលោក បណ្ដាលឱ្យរបួសទ្រមខ្លួនហើយ!
បែរជាពួកគេ ប្ដឹងរូបគាត់ថែមទៀត.ជាវិធីទាល់ច្រក លោក ផល្លា វុទ្ធី ក៏សម្រេចប្ដឹងមនុស្ស១៣នាក់ ពីបទ«ជេរប្រមាថ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា»តែម្ដងទៅ។

លោក ផល្លា វុទ្ធី បញ្ជាក់ទៀតថា បុគ្គលដែលលោកបានប្ដឹងរួមមាន៖
ឈ្មោះ ជិន រតនា ឈ្មោះ ឡុង ពិសិដ្ឋិ
ឈ្មោះ ផាន់ ចន្ថន ឈ្មោះ ជឿន វណ្ណៈ
ឈ្មោះ ស៊ីន ភារម្យ ឈ្មោះ ហៃ សុភត្ត្រា
ឈ្មោះ នៅ ណារ៉ា ឈ្មោះ ជា ពៅ
ឈ្មោះ គ្រី សុធី ឈ្មោះ ហ៊ុន ធៀង
ឈ្មោះ ស៊ុន ឌីណៃ ឈ្មោះ សួន ពិសិដ្ឋិ
ឈ្មោះ គៀ គឿន។
ក្នុងនោះលោក ផល្លា វុទ្ធី ក៏បានចាត់ទុកអំពើ របស់មនុស្សទាំង១៣នាក់ខាងលើ ថា ជាចេតនាទុច្ចរិត ជេរប្រមាថ ព្រួតគ្នាប្រើអំពើហិង្សា មកលើខ្លួន និងធ្វើឱ្យខូចខាតដោយចេតនា៕

Leave a Reply

Your email address will not be published. Required fields are marked *