(ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើររយៈពេលប្រមាណ១៧ម៉ោង ពីទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ។
បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជា ប្រកបដោយសុខសុវត្ថិភាព នៅវេលាម៉ោង០៣រសៀលថ្ងៃទី២០ ខែមករា ឆ្នា២០២៤នេះ។
គួរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅបារាំង និងប្រទេសស្វីស រយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
មួយសប្តាហ៍នៃបេសកកម្មការងារលើកដំបូងនៅទឹកដីអឺរ៉ុបក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺជាសប្តាហ៍ដ៏មមាញឹកបំផុតសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ចាប់ពីដាក់ជើងជាន់ដីទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៤ ខែមករា រហូតដល់វេលាឡើងយន្តហោះនាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីជាបន្តបន្ទាប់រហូតដល់ប្រមាណ ៤០កម្មវិធី។ កម្មវិធីភាគច្រើនបំផុត គឺជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំរបស់បារាំង ក្រុមហ៊ុននៅអឺរ៉ុប និងក្រុមហ៊ុនមកពីបណ្តាប្រទេសដទៃទៀត ដែលចូលរួមក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
បេសកកម្មការងាររយៈពេលមួយសប្តាហ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអឺរ៉ុបដើមឆ្នាំ២០២៤នេះ គឺដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។ ទិដ្ឋភាពនយោបាយសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំកំពូលទាំង៣កម្រិតរបស់បារាំង រួមមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានាធិបតី។
តាមរយៈជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង, លោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង, លោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង និងលោក Grabiel ATTAL នាយករដ្ឋមន្ត្រីបារាំង សុទ្ធសឹងបានគូសរំលេចដោយក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍន៍យ៉ាងល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងបារាំង ចាប់ពីការជួយស្វែងរកសុខសន្តិភាពនៅឆ្នាំ១៩៩១ និងបន្តជួយជ្រោមជ្រែងរបស់បារាំងក្នុងដំណើរកសាង និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ក្រោយជួបវិបត្តិភ្លើងសង្គ្រាម។
ក្នុងសេចក្តីថ្លែងការណ៍រួមមុនជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី, លោកប្រធានាធិបតីបារាំង បានប្រកាសផ្តល់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់គាំទ្រការបណ្តុះបណ្តាលផ្នែកថាមពល និងប្រព្រឹត្តកម្មទឹកស្អាតនៅកម្ពុជា។ លោកប្រធានាធិបតី ក៏បានប្រកាសបន្តធ្វើការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍។
លោកប្រធានាធិបតី ក៏បានប្រកាសធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាអន្តរជាតិ ដែលជាកង្វល់រួមនៃប្រទេសទាំងពីរផងដែរ។
ក្រៅពីការថ្លែងអំណរគុណ និងដឹងគុណដល់រដ្ឋាភិបាលចំពោះការជួយអភិរក្សប្រាង្គប្រាសាទ ក៏ដូចជាកិច្ចអភិវឌ្ឍន៍កម្ពុជាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយបារាំងឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរំពឹងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចនឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងកាន់តែល្អប្រសើរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរកាន់តែរស់រវើក ដើម្បីក្លាយជាចរន្តឈាមចិញ្ចឹមទំនាក់ទំនងកម្ពុជា និងបារាំង។
ក្រៅពីថ្នាក់ដឹកនាំកំពូលៗរបស់បារាំងហើយនោះ ក្នុងបេសកកម្មការងារទាំងនៅប្រទេសបារាំង និងនៅឯទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបជាមួយមេដឹកនាំប្រទេសជាមិត្តមានដូចជានាយករដ្ឋមន្ត្រីថៃ និងវៀតណាម ។
ហើយក៏បានជួបថ្នាក់ដឹកនាំអង្គការអន្តរជាតិជាច្រើនទៀត រួមមាន៖ លោក Joo-OK Lee ប្រធានរបៀបវារៈតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិក នៃគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក, លោក John Kerry អតីតរដ្ឋមន្រ្តីការបរទេស, អតីតសមាជិកព្រឹទ្ធសភា និងជាបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក, លោក តូនី ប្ល៊ែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ជាប្រធានប្រតិបត្តិ នៃTony Blair Institute for Global Change, លោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF), លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), លោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល ប្រទេសជប៉ុន, លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) និងលោក Jean Todt បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសុវត្ថិភាពចរាចរណ៍, លោកស្រី
ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)។
ក្នុងជំនួបនោះ ជាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធបញ្ហាបរិស្ថាន និងគោលនយោបាយពាក់ព័ន្ធវិនិយោគនៅកម្ពុជាជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតស្វះស្វែងរកកិច្ចគាំទ្រពីអង្គការអន្តរជាតិទាំងនេះលើការអភិវឌ្ឍន៍ ក៏ដូចជាការវិនិយោគនៅកម្ពុជាផងដែរ។
លើទិដ្ឋភាពសេដ្ឋកិច្ចវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបថ្នាក់ដឹកនាំក្រុមហ៊ុនដោយផ្ទាល់ជិត២០ក្រុមហ៊ុន ហើយដោយប្រយោលតាមរយៈវេទិកាធុរកិច្ចប្រមាណ ៨០ក្រុមហ៊ុនថែមទៀត។ ក្នុងនោះ អនុស្សារណៈនៃការយោគយល់គ្នារហូតដល់ទៅ៦ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនរបស់កម្ពុជា និងបារាំង។ អនុស្សារណៈយោគយល់ដែលបានចុះហត្ថលេខានោះរួមមាន៖
១៖ អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)
២៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣៖ អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)
៦៖ អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS
ក្នុងដំណើរបេសកកម្មការងារនៅអឺរ៉ុបនាពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប។ ក្នុងជំនួបសំណេះសំណាលនោះ ។
ក្រៅពីការសួរសុខទុក្ខ និងបង្ហាញការនឹករលឹកហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី និងសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលថ្មី បានសម្រេចក្នុងរយៈពេលជាង៤ខែកន្លងទៅនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនឯកជនដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបក្នុងពេលបំពេញបេសកកម្មការងារនៅលើទឹកដីអឺរ៉ុបនេះរួមមាន៖
១៖ លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group។
ក្រុមហ៊ុន VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។
VINCI Group មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាននៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក។
២៖ លោកស្រី Maud BAILLY នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យGroup ACCOR។
Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួនជាង ៤០ម៉ាក (Brand) ទូទាំងពិភពលោក ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគចំនួន ៩ទីតាំងនៅកម្ពុជា មានក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។
៣៖ លោក Philippe DELLEUR, អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom។
ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។
ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍។
៤៖ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF)។
ក្រុមហ៊ុន EDF គឺជាក្រុមហ៊ុនរដ្ឋបារាំង ដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្មជាតិ) និងមានអតិថិជនចំនួន ៤០,៣លាននាក់ទូទាំងពិភពលោក ដោយមានសមត្ថភាពផ្គត់ផ្គង់ដល់ ៤៣១,៧ TWh។
ក្រុមហ៊ុន EDF មានគោលដៅចម្បង ដើម្បីកសាងអនាគតថាមពលដែលបញ្ចេញកាបូនសូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដី និងជំរុញសុខុមាលភាព ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមានការគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។
ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូន និងចែកចាយថាមពលអគ្គិសនី ៣. ការផ្គត់ផ្គង់ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី។
៥៖ លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី។
ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត និងកំពុងបណ្តាក់ទុននៅកម្ពុជា ក្រោមកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា បាននិងកំពុងបង្កើតគម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប។
៦៖ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group។
Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខរបស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣៦,០០០នាក់ ដោយប្រតិបត្តិការនៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។
ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។
ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់សេវាអន្តរជាតិទ្វេភាគី។
៧៖ លោក Patrick POUYANNÉ នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies។
ក្រុមហ៊ុន TotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយនៅរាជធានីភ្នំពេញ និងចំនួន៤៩ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។
ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេស ក្នុងវិស័យថាមពលខ្យល់។
៨៖ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle។
ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។
ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរីដើម្បីអនុវត្តន៍គម្រោងទីមួយ របស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់បំលែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦តទៅ។
៩៖ លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ជួបសម្តែងការគួរសម និងពិភាក្សាការងារ
HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។
ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្មពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ។
ដោយដំណើរតាមរយៈក្រុមផ្កាយរណបដើម្បីស្វែងរក កំណត់លក្ខណៈ និងកំណត់ទីតាំងភូមិសាស្ត្រ យ៉ាងទូលំទូលាយនៃរលកសញ្ញាប្រេកង់វិទ្យុ ដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕