(មណ្ឌលគិរី)៖ មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ ត្រូវក្រុមគ្រួសារប្រទះឃើញ ចងកធ្វើអត្តឃាតក្នុងផ្ទះរបស់ខ្លួន សង្ស័យអាចមកពីករណីទំនាស់ដីធ្លី។
ហេតុការណ៍នេះ បានបង្កភ្ញាក់ផ្អើល នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបានឱ្យដឹងថា ជនអត្តឃាតឈ្មោះ ជួន ភឿន អាយុ៥៤ឆ្នាំជាមន្ត្រីនគរបាលស័ក្តិ៤ ទីលំនៅភូមិ ដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
មុនពេលកើតហេតុ គេតែងឮឈ្មោះ ជួន ភឿន និយាយពីរឿងបញ្ហាពាក់ព័ន្ធនឹងទំនាស់ដីធ្លី ដែលមិនទាន់ដោះស្រាយរួច។ ស្រាប់តែដល់ថ្ងៃកើតហេតុ ក៏ប្រទះឃើញឈ្មោះ ជួន ភឿន ចងក សម្លាប់ខ្លួននៅក្នុងផ្ទះរបស់គាត់តែម្ដង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើកោសល្យវិច្ឆ័យ ឃើញផ្នែកដងខ្លួន ផ្នែកក្បាលនិងអវៈយវៈ រួចបញ្ជាក់ថា សពបានធ្វើអត្តឃាតចងក សម្លាប់ខ្លួនពិតមែន។
មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។
ប៉ុន្តែទោះជាមានមតិអះអាងថា បណ្តាលមកពីរឿងទំនាស់ដីធ្លីក្តី សមត្ថកិច្ចបានបន្តស្រាវជ្រាវរកមូលហេតុ ពិតក្នុងការស្លាប់របស់មន្ត្រីរូបនេះ។
ខណៈសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕