ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន២០នាក់ និងរបួស១៥០នាក់។
ខណៈដែលពួកគេកំពុងតម្រង់ជួរ ទទួលជំនួយស្បៀងអាហារ កាលពីថ្ងៃព្រហស្បតិ៍។
-ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស របស់ហ្គាហ្សាបាននិយាយថា នេះជា”ឧក្រិដ្ឋកម្មសង្គ្រាម” ។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នេះ គណៈកម្មាធិការតាមដានកងកម្លាំងជាតិ និងឥស្លាម ដែលជាសម្ព័ន្ធនៃក្រុមសកម្មប្រយុទ្ធ និងក្រុមនយោបាយ ។
បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយសង្គ្រោះ។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុង “ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍”។
យោងតាមសេចក្តីរាយការណ៍របស់ Reuters ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីន, ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមករា បានសម្លាប់ជនស៊ីវិលចំនួន២០នាក់និងរបួសជាង១៥០នាក់ ខណៈពេលពួកគេកំពុងតម្រង់ជួររង់ចាំទទួលជំនួយស្បៀងអាហារ ហើយទង្វើនេះត្រូវបានក្រុមហាម៉ាស ថ្កោលទោសថាជា “ឧក្រិដ្ឋកម្មសង្គ្រាម”។
ស្របពេលជាមួយគ្នានោះដែរ ភាគីអ៊ីស្រាអែល និយាយថា ខ្លួនកំពុងពិនិត្យរបាយការណ៍នេះ ដោយមិនទាន់បញ្ជាក់ថា ជាការពិតមែនឬអត់នោះទេ។
បើតាមសម្តីប្រជាជន នៅតំបន់ភាគខាងត្បូងហ្គាហ្សា រថក្រោះអ៊ីស្រាអែលជាច្រើនគ្រឿង បានចូលទៅក្នុងជុំវិញមន្ទីរពេទ្យចំនួន២ នៃទីក្រុង Khan Younis ហើយមានការបាញ់ប្រហារ ជាហេតុបង្ខំឲ្យប្រជាជននាំគ្នារត់ប្រសេចប្រសាច ទៅរកកន្លែងថ្មីដែលគិតថា មានសុវត្ថិភាព។
ទាក់ទិនបទឈប់បាញ់ មុនការសម្រេចរបស់ចៅក្រមអង្គការសហប្រជាជាតិនាថ្ងៃសុក្រលើសំណើរបស់អាហ្វ្រិកខាងត្បូង ដែលស្នើឲ្យបញ្ឈប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ក្រុមហាម៉ាសនិយាយថា ខ្លួននឹងគោរពតាមសេចក្តីសម្រេចណាមួយសម្រាប់បទឈប់បាញ់ ប្រសិនបើអ៊ីស្រាអែលតបស្នង។
ក្រុមហាម៉ាស ក៏នឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាផងដែរ ប្រសិនបើអ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ដូចគ្នា។
គិតត្រឹមថ្ងៃសុក្រទី២៦ខែមករា ប្រជាជនប៉ាឡេស្ទីនប្រមាណ ២៥៩០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមថ្មីផ្ទុះឡើង បន្ទាប់ពីអ៊ីស្រាអែល បើកប្រតិបត្តិការកម្ចាត់ក្រុមហាម៉ាស ក្រោយពេលចលនាសកម្មប្រយុទ្ធនេះ សម្រុកចូលទឹកដីអ៊ីស្រាអែល ក្នុងការវាយលុកមិននឹកស្មានដល់កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស១២០០នាក់ និងចាប់២៤០នាក់ធ្វើជាចំណាប់ខ្មាំង។
លើសពីនេះ យោធាអ៊ីស្រាអែល អះអាងថា ខ្លួនបានសម្លាប់ទ័ពហាម៉ាសជាង៩.០០០នាក់ ហើយខ្លួនក៏មានទាហានស្លាប់២២០នាក់ដែរ ក្នុងសង្គ្រាម០៣ខែកន្លះមកនេះ៕