កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ខ្មាំង ដែលកំពុងឃុំខ្លួន នៅហ្គាហ្សា គឺស្ថិតនៅក្នុងចំណុចប្រសព្វដ៏សំខាន់មួយ ។
ខណៈដែលប្រធានាធិបតី Joe Biden ដាក់ពង្រាយបុគ្គលសំខាន់របស់គាត់លើកិច្ចពិភាក្សាចំណាប់ខ្មាំង ទៅកាន់អឺរ៉ុប។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) នឹងធ្វើដំណើរទៅកាន់អ៊ឺរ៉ុប។
ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីស្រាអែល និងអេហ្ស៊ីប បន្ថែមពីលើនាយករដ្ឋមន្ត្រីកាតា ក្នុងគោលបំណងចរចាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
កាសែត The Washington Post និង Axios បានរាយការណ៍ថា លោក William Burns នឹងធ្វើដំណើរក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែមិនបាននិយាយថា កិច្ចពិភាក្សានឹងប្រព្រឹត្តទៅនៅឯណាឱ្យច្បាស់នោះទេ។
CIA និងសេតវិមានបានបដិសេធមិនបញ្ជាក់អំពីការធ្វើដំណើរនេះទេ។ប៉ុន្តែអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានរំលឹកថា លោក Burns បានចូលរួមរួចហើយនៅក្នុងការចរចាលើកិច្ចព្រមព្រៀងចំណាប់ខ្មាំងពីមុនកាលពីចុងខែវិច្ឆិកា ហើយបានបង្ហាញថា គាត់នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់មួយផ្សេងទៀត។
គួរជម្រាបថា ការដោះដូរចំណាប់ខ្មាំង និងអ្នកទោស បានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំមុនក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ។
ដែលក្រុមហាម៉ាស់បានដោះលែងមនុស្សប្រហែល ១០០ នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល។
ប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងព្យាយាមចរចាបទឈប់បាញ់ថ្មី ហើយបេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Brett McGurk កំពុងស្ថិតនៅក្នុងតំបន់សម្រាប់ការពិភាក្សានេះជាស្រេច។
សារព័ត៌មាន Axios រាយការណ៍ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកការប្រយុទ្ធគ្នារយៈពេលពីរខែ នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់។
យោងតាមអាជ្ញាធរ អ៊ីស្រាអែល ចំណាប់ខ្មាំង ១៣២នាក់ នៅបន្តស្ថិតក្នុងតំបន់ហ្គាហ្សា រួមទាំង២៨នាក់ ត្រូវបានគេសន្មត់ថាបានស្លាប់៕