(ភ្នំពេញ)៖ នៅទីបំផុតលោក ង៉ែត សំអូន នាយកមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន។
-ពាក់ព័ន្ធការជួញដូរ សរីរាង្គ(ប្តូរតម្រងនោម) និងឆបោកប្រាក់ពី អ្នកជំងឺសរុបជិត១លានដុល្លារ។
ជនត្រូវចោទ ង៉ែត សំអូន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មាន ករណីជួញដូរសរីរាង្គ (តម្រងនោម) ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី (Metro RLV Polyclinic)។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
និងបំភ្លឺជនរងគ្រោះចំនួន១នាក់ តាមប្រព័ន្ធតេឡេក្រាម ទទួលពាក្យបណ្តឹងជនរងគ្រោះចំនួន១នាក់ និងទទួលពាក្យបណ្តឹងតំណាងឲ្យជនរងគ្រោះចំនួន៦នាក់ រហូតមានមូលដ្ឋាន ដាក់ជូនតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៣ បានចេញសេចក្តីសម្រេចស្តីពីការ បិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មូលហេតុ មន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះ បញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោម នៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស៕