Update៖ ករណីបាញ់បោះនៅភ្នំគិរីរម្យ តុលាការចោទប្រកាន់មនុស្ស៤នាក់ ពីបទប្រើប្រាស់អាវុធដោយខុសច្បាប់!

(កំពង់ស្ពឺ)៖ នៅទីបំផុត តំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ ជនដៃដល់ចំនួន៤នាក់ពីបទ«ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត» តាមមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រង អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ដែលបានប្រព្រឹត្ត នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១.១១.២០២៣។

ថ្លែងក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នូវ​ស្ពានកោះនរា កោះពេជ្រ.កាលពីរសៀលទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មនុស្ស៤នាក់ដែលបាញ់បោះនៅភ្នំគិរីរម្យ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រី។

គួរម្លឹកថាៈ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកម្មពីធីខួបកំណើត នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពោលគឺ ចាប់ពីម៉ោង១៦:០០នាទីរសៀល រហូតដល់យប់ជ្រៅ មានការបាញ់បោះសេរីជាបន្តបន្ទាប់ ដើម្បីអប់អរសាទរ ចំពោះកម្មវិធីខួបកំណើតមួយនេះ.!។

ក្រោយចប់កម្មវិធី អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះពិនិត្យដោយរកឃើញ សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់។
សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់។
និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់ សរុបចំនួន២០៣គ្រាប់..!។

ក្នុងនោះគណ:កម្មការបាន យកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញាខ្មាន់កាំភ្លើង។
ស្របពេលជនដៃដល់ ចំនួន៤នាក់ចូលខ្លួនមកសារភាពកំហុស ខណៈមេក្លោង ដែលជាម្ចាស់ទីតាំង និងបាញ់បោះច្រើនជាងគេ កំពុងរត់គេចខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *