អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយថា មនុស្ស០៦ នាក់ ក្នុងនោះក្មេងស្រីអាយុ ១ឆ្នាំម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍លើទីក្រុង Belgorod ភាគខាងត្បូង នៃប្រទេសរុស្ស៊ី។
លោក Gladkov បានគូសបញ្ជាក់បន្ថែមថា មនុស្ស១៧នាក់ផ្សេងទៀត ក្នុងនោះកុមារ៤នាក់ត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះ ៦នាក់ក្នុងចំណោមពួក គេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានពិពណ៌នាព្រឹត្តិការណ៍នេះថាជា អំពើភេរវកម្មដោយរបបក្រុងគៀវ ហើយបាននិយាយថា ប្រទេសរុស្ស៊ីនឹងលើកបញ្ហានេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុងគៀវលើការវាយប្រហារនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលអ៊ុយក្រែនចំនួន ១៤ គ្រាប់ពីលើតំបន់ Belgorod ។
គួរបញ្ជាក់ថា Belgorod គឺជាទីក្រុងដ៏សំខាន់បំផុតរបស់រុស្ស៊ី ដែលនៅជិតព្រំដែនជាមួយអ៊ុយក្រែន ហើយទីក្រុងនេះ និងតំបន់ជុំវិញនោះត្រូវបានរងការវាយប្រហារម្តងហើយម្តងទៀតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលរុស្ស៊ីបានបញ្ជូនកងកម្លាំងចូលទៅក្នុងអ៊ុយក្រែននៅក្នុងអ្វីដែលហៅថា «ប្រតិបត្តិការយោធាពិសេស»។
អាជ្ញាធររុស្ស៊ីបាននិយាយថា ការវាយប្រហារដ៏ធំបំផុតមួយទៅលើទីក្រុង Belgorod កាលពីចុងខែធ្នូកន្លងទៅ បានសម្លាប់ជនស៊ីវិល ២៥នាក់ ។
ខណៈដែលខ្លួនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញពីមជ្ឈមណ្ឌលសហព័ន្ធ ទៅទីក្រុងនោះ៕