(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែកម្ភៈឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំ គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យថ្លែងថា “រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តបង្ក្រាបទីតាំងបញ្ចាំ និងកន្លែងល្បែងផ្សងសំណាង ខុសច្បាប់ឱ្យអស់។
ដើម្បីអនុវត្ត តាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងដោយភាពម៉ឺងម៉ាត់និងទទួលស្គាល់ថា ក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី.ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន។
ប៉ុន្តែឯកឧត្តមបានកត់សម្គាល់ឃើញថា វិធានការណ៍ដែលបានធ្វើកន្លងមក មិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ។
គឺក្រុមជនខិលខូច នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់បានដដែល។
ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថា ជាជម្រកនៃការទទួលផលចោរកម្ម។
សម្រាប់ការបង្ក្រាបទីតាំងល្បែងផ្សងសំណាងឬប្រភេទឡូតូ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងទើបតែបានថ្លែងសារពិសេសកាលពីពេលថ្មីៗកន្លងទៅ ។
ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបឱ្យខាងតែបាន។
ពីព្រោះទិន្នន័យជាក់ស្ដែងបានបង្ហាញថា ចំនួនទីតាំងល្បែងតាមអនឡាញមួយនេះ មានច្រើនជាងចំនួនជាក់ស្ដែងដែលបាន ចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។
គួរកត់សម្គាល់ថា ការការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ក្ដី និងការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាងនេះក្ដី សុទ្ធតែជាគោលដៅ នៃការអនុវត្តមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
ការងារនេះក៏ស្ថិតក្នុងចង្កោមការងារអាទិភាពទាំង៦ចំណុច ដែលអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕