រថយន្តហ៊ីយ៉ាន់ដាយ បុករះម៉ូតូនិងអ្នកថ្មើរជើង បណ្ដាលឱ្យស្លាប់២នាក់ នៅស្រុករលាប្អៀរ!

(កំពង់ឆ្នាំង)៖ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន តៃកុងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយដឹកទំនិញ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្ត្រី២នាក់ស្លាប់នៅកន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវជាតិលេខ៥ មុខផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះបាត់បង់ជីវិតឈ្មោះ ឡាយ ម៉ៅ អាយុ៧០ឆ្នាំ នៅភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់នៅនឹងកន្លែង។ម្នាក់ទៀតឈ្មោះ ព្រំ ស៊ីដានី អាយុ៧២ឆ្នាំនៅភូមិឃុំខាងលើ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

មន្ត្រីដដែលបន្តថា មុនកើតហេតុមានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ3E-0251ធ្វើដំណើរពីត្បូងទៅជើង។
លុះមកដល់កន្លែងខាងលើក៏បុកជាមួយម៉ូតូម៉ាកសង់កូរ៉េ គ្មានផ្លាកលេខ បើកពីលិចទៅកើត ។
បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយពីបុកម៉ូតូរួច រថយន្តក៏បានជ្រុលទៅបុកអ្នកថ្មើរជើងបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ។
បន្ទាប់ពីបង្កហេតុតៃកុងថយន្ត បានព្យាយាមបើករត់ជាច្រើនរយម៉ែត្រ ហើយក៏ទុករថយន្តចោលរួចចុះរត់គេចខ្លួនបាត់តែម្តង។
ក្រោយមកសមត្ថកិច្ចបានរថយន្តនិងម៉ូតូទុក ហើយបន្តការស្រាវជ្រាវតាមរកចាប់ អ្នកបើកបរថយន្តដើម្បីយកមកអនុវត្តតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *