រដ្ឋសភាៈ បង្ហាញលទ្ធផលសម័យប្រជុំវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ!

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន រដ្ឋសភា នៅថ្ងៃទី២១.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានលើកឡើងថា នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១១៥រូប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

ក. អង្គសភាបានអនុម័តយល់ព្រមសមាសភាពលេខាធិការ សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន ៣រូប។

ខ. អង្គសភាធ្វើការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប៖
១- ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
២- ឯកឧត្តម ស្រី ថាមរុទ្ធជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
៣- ឯកឧត្តម ម៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដែលមាន កូរ៉ុមចំនួន ១២០រូប ដោយទទួលបានលទ្ធផលយល់ព្រម ១២០សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតចប់សព្វគ្រប់តាមរបៀបវារៈ រួចហើយ អង្គសភាបានប្រកាសបិទសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨:៥០នាទី។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *