ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាសអបអរសាទរ​ជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម!

(ភ្នំពេញ)៖ នៅរសៀលទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យ នៃការរៀបចំការ​ប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើង​នៅ​កម្ពុជាជាលើកដំបូង។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មេដាយដែលកម្ពុជាទទួលបានជាសមិទ្ធផលរបស់អត្តពលិក តែជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានកន្លងផុតទៅហើយក្តី តែហាក់ស្ថិតនៅថ្មីៗនៅឡើយក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ។

សម្តេចធិបតី បានបង្ហាញការកត់សម្គាល់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានការចាប់អារម្មណ៍ខ្ពស់ សូម្បីអ្នកមិនចេះមើលកីឡា ក៏ចេះមើលដែរ។

សម្តេចធិបតី បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡានេះ បង្ហាញឱ្យឃើញនូវស្មារតីជាតិខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យនៃការប្រកួតកីឡានេះ មិនអាចកាត់ផ្តាច់បានពីការប្រឹងប្រែងចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់។

សម្តេចធិបតី បានសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបស្វ័យប្រវត្តិ។

សម្តេចធិបតី ការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏មិនអាចទទួលជោគជ័យនោះឡើយ បើគ្មានការជួយជ្រោមជ្រែងពីចិន។

សម្តេចធិបតី បានថ្លែងថា ត្រូវរួមគ្នាបន្តស្មារតី កីឡារស់ក្នុងសន្តិភាព បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី។

សម្តេចធិបតី បានថ្លែងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏បានគាស់រំលើងស្មារតីអង្គរ ធ្វើឱ្យកូនខ្មែរបានដឹងថា ខ្មែរជាប្រទេសដ៏អស្ចារ្យ។

សម្តេចធិបតី បានថ្លែងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏បានប្រមូលស្មារតីជាតិរបស់ខ្មែរនៅក្រៅប្រទេស។

សម្តេចធិបតី បានថ្លែងថា កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា។

ពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ និងប្រកបដោយមោទនភាពនេះ ក៏នឹងមាន​ការ​អញ្ជើញ​ចូល​រួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួត​កីឡាស៊ីហ្គេមលើក​ទី​៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ពិធីក៏មានការអញ្ជើញចូលរួមពី​សំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តា​ប្រទេស​ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីជាច្រើនរូប៕

Leave a Reply

Your email address will not be published. Required fields are marked *