មន្ត្រីពន្ធនាគារខេត្តព្រៃវែងម្នាក់ ត្រូវតុលាការផ្ដន្ទាទោស១ឆ្នាំ ពីបទលួច បែរជាមិនអស់ក្របខ័ណ្ឌ ហើយកំពុងមានតួនាទីធំថែមទៀត!

(ព្រៃវែង)៖ លោកស្រី ប៉ុល ស៊ីណាត ប្រធានផ្នែកភស្ថុភារ នៃពន្ធនាគារខេត្តព្រៃវែង ត្រូវសាលាដំបូងខេត្តក្រចេះ សម្រេចផ្ដន្ទាទោស រយៈពេល១ឆ្នាំ ពីបទ”អំពើលួច”។
ហើយបើទោះបីជា បានប្រព្រឹត្តបទល្មើស និងត្រូវផ្ដន្ទាទោស បែបនេះក្ដី.!។
ប៉ុន្តែលោកស្រី ប៉ុល ស៊ីណាត នៅមានក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងកំពុងមានតួនាទីធំ នៅពន្ធនាគារ ខេត្តព្រៃវែងដដែល..!។

នេះបើយោងតាម សាលក្រមព្រហ្មទណ្ឌលើបណ្ដឹងទាស់លេខ៖ ២៦៧”ឆ”ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តក្រចេះ។
ដែលមានចៅក្រមជំនុំជម្រះ លោក គុយ ពិទូ តំណាងអយ្យការលោក ទុត វីនីត និងក្រឡាបញ្ជីលោក ជុំ ឆៃលី។

នៅក្នុងសាលក្រមនោះសាលាដំបូងខេត្តក្រចេះ បានផ្ដន្ទាទោសមនុស្ស២នាក់(ប្ដីប្រពន្ធ)ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទ”អំពើលួច”តាមមាត្រា៣៥៣និង៣៥៦ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ត នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែទោសត្រូវព្យួរ បើគិតមកដល់ពេលនេះ សាលក្រមក៏បានចូលជាស្ថាពរ ហើយដែរ។

បុគ្គលដែលត្រូវផ្ដន្ទាទោសទាំង២នាក់៖
ទី១៖ ឈ្មោះ សាំង សាម៉ុល ភេទប្រុសអាយុ៦២ឆ្នាំ នៅភូមិស្គរដាច់ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង(ប្ដី)។
និងទី២៖ លោកស្រីវរអគ្គានុរក្ស ថ្នាក់លេខ២ ប៉ុល ស៊ីណាត អត្តលេខ១១៤០ ជាប្រធានផ្នែកភស្ថុភារ នៃពន្ធនាគារ ខេត្តព្រៃវែង។

ករណីបុគ្គលប្រព្រឹត្តបទល្មើស ហើយត្រូវផ្ដន្ទាទោស បែរជាកំពុងមានតួនាទីធំនៅពន្ធនាគារ ខេត្តព្រៃវែង នេះដែរ..!។
ត្រូវគេមើលឃើញថាៈ ហាក់កំពុងអនុវត្តផ្ទុយពីបទបញ្ជា និងគោលការរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលតម្រូវឱ្យលុបឈ្មោះ ឬបណ្ដេញចេញពីក្របខ័ណ្ឌ បើមន្ត្រីរូបណា ប្រព្រឹត្តបទល្មើស ឬត្រូវស្ថាប័នតុលាការផ្ដន្ទាទោសជាផ្លូវការ…!។

ជាក់ស្ដែងៈ កាលពីខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ បានសម្រេចដកលោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍សំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមហេតុផលបាន ប្រព្រឹត្តបទល្មើស។
ក្នុងនោះលោកវរសេនីយ៍ទោ ហេង ហាប់ ស្នងការរងខេត្តកំពត ក៏ត្រូវបានដកហូតទួនាទីផងដែរ ក្រោមហេតុផលបាន ប្រព្រឹត្តបទល្មើស។

លុះថ្មីៗនេះមន្ត្រីចំនួន៤រូបទៀត ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោមហេតុផលប្រព្រឹត្តបទល្មើស បាញ់បោះនៅភ្នំគិរីរម្យ។

-ចុះហេតុអ្វីលោកស្រី ប៉ុល ស៊ីណាត ដែលបានប្រព្រឹត្តបទល្មើស រហូតត្រូវផ្ដន្ទាទោសទៅហើយ បែរជានៅក្របខ័ណ្ឌ និងមានតួនាទីធំ នៅពន្ធនាគារខេត្តព្រៃវែង។

ទោះយ៉ាងណាក្ដី នៅព្រឹកទី១៩.១១.២០២៣«ដើមរាំង»បានព្យាយាមសុំការបកស្រាយ ពីលោកស្រីវរអគ្គានុរក្ស ថ្នាក់លេខ២ ប៉ុល ស៊ីណាត ប្រធានផ្នែកភស្ថុភារ នៃពន្ធនាគារខេត្តព្រៃវែង ប៉ុន្តែទូរស័ព្ទចូលជាច្រើនលើក គ្មានអ្នកទទួល។

យ៉ាងណាក៏ដោយៈ មជ្ឈដ្ឋានអ្នកច្បាប់សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យចាត់វិធានការ ចំពោះករណីខាងលើដោយក្ដីអនុគ្រោះ!។
ដើម្បីបង្ហាញពីការអនុវត្តច្បាប់ស្មើភាពគ្នា និងគោរពតាមគោលការ រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានដាក់ចេញ៕

Leave a Reply

Your email address will not be published. Required fields are marked *