រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍ទី៧ ខែមីនានេះ បាននិយាយថា ទីក្រុងប៉េកាំង នឹងការពារសិទ្ធិស្របច្បាប់របស់ខ្លួននៅក្នុង តំបន់សមុទ្រចិនខាងត្បូង ។
បន្ទាប់ពីការប៉ះទង្គិចគ្នារវាងនាវារបស់ចិន និងទូកហ្វីលីពីន នៅក្បែរដែនទឹកមានជម្លោះ។
ភាពតានតឹងរវាងចិន និងហ្វីលីពីនបានឡើងកម្ដៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។
ដោយតែងតែមានសេចក្ដីរាយការណ៍ជាញឹកញាប់ពីការបុកគ្នារវាងនាវា ឆ្មាំសមុទ្រចិន និងទូកហ្វីលីពីន ។
នៅក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទក្នុងតំបន់សមុទ្រចិនខាងត្បូង។
ថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយ នាឱកាសចូលរួម មហាសន្និបាតសភាទាំង២របស់ចិន ក្នុងទីក្រុងប៉េកាំង លោក Wang Yi បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងការពារសិទ្ធិស្របច្បាប់របស់យើង អនុលោមទៅ តាមច្បាប់»។
លោកបន្ថែមថា «ពាក់ព័ន្ធនឹងជម្លោះនៅដែនសមុទ្រ ចិនតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវភាពអត់ធ្មត់កម្រិតខ្ពស់ ប៉ុន្តែទន្ទឹមគ្នា។
យើងក៏នឹងមិនអនុញ្ញាតឱ្យសុច្ឆន្ទៈរបស់ យើងត្រូវបានរំលោភបំពាននោះដែរ ហើយយើងនឹងមិនអាចទទួលយកបានឡើយចំពោះការរំខាន ឬការបំពានដោយចេតនាលើច្បាប់សមុទ្រ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហ្វីលីពីនបានកោះហៅអ្នកតំណាងចិនម្នាក់ឱ្យចូលជួប និងសម្ដែងការតវ៉ា ក្រោយទីក្រុងម៉ានីលបានចោទថានាវាឆ្មាំសមុទ្រចិន បានបង្កឱ្យមានបុកគ្នាចំនួន២លើកជាមួយទូកហ្វីលីពីន ព្រមទាំងប្រើកាណុងបាញ់ទឹកលើទូកមួយគ្រឿងក្នុងចំណោមទូកទាំង២នេះ អំឡុងបេសកកម្មផ្គត់ផ្គង់មួយក្នុង តំបន់សមុទ្រចិនខាងត្បូង។
ប៉ុន្តែទីក្រុងប៉េកាំង បានអះអាងថាខ្លួនបានចាត់វិធានការស្របច្បាប់ ប្រឆាំងនឹងទូកហ្វីលីពីន ដែលបានបំពានចូលដោយខុសច្បាប់ ក្នុងដែនទឹករបស់ចិន។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃពុធ ក្រសួងការបរទេសចិនក៏បានចោទប្រកាន់ដែរថាសហរដ្ឋអាមេរិក កំពុងប្រើប្រាស់ហ្វីលីពីន ។
ជាកូនអុក ដើម្បីបង្កភាពតានតឹងក្នុងតំបន់ បន្ទាប់ពីវ៉ាស៊ីនតោនចាត់ទុកសកម្មភាពរបស់ចិនជាទង្វើបង្ករឿង៕