កងកម្លាំងអាមេរិក បារាំង និងអង់គ្លេស បានបាញ់ទម្លាក់យន្ដហោះដ្រូនជាច្រើនគ្រឿង ក្នុងតំបន់សមុទ្រក្រហម កាលពីសៅរ៍ ទី០៩ ខែមីនា។
បន្ទាប់ពី ក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់វាយប្រហារ លើកប៉ាល់ដឹកទំនិញមួយគ្រឿង និងនាវាពិឃាដអាមេរិក្នុងតំបន់។
នេះបើតាមយោធាអាមេរិក ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រុមហ៊ូទី លោក Yahya Sarea បានឱ្យដឹងក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍យេម៉ែនថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើកប៉ាល់ដឹកទំនិញ និងនាវាពិឃាដអាមេរិក ក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយប្រើយន្ដហោះដ្រូន៣៧គ្រឿង។
ជាមួយគ្នានោះ ទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM ក៏បានបញ្ជាក់ដែរថាកងកម្លាំងអាមេរិក និងកងកម្លាំងចម្រុះបានបាញ់ទម្លាក់យន្ដហោះដ្រូនយ៉ាងហោច ២៨គ្រឿង នៅលើតំបន់ សមុទ្រក្រហម។
CENTCOM បន្ថែមថាមិនមាននាវាចម្បាំងអាមេរិក ឬកងកម្លាំងចម្រុះណាមួយរងការខូចខាតនោះទេ ហើយក៏មិនមែនសេចក្ដីរាយការណ៍ពី ការខូតខាតពីកប៉ាល់ដឹកទំនិញនោះដែរ។
ក្រុមហ៊ូទី បានវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ និងបានហៅការវាយប្រហារ ទាំងនោះគឺជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងប្ដេជ្ញាថានឹងមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួនឡើយ រហូតទាល់តែអ៉ីស្រាអែលបញ្ឈប់ ការធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា៕