នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ក្រុមអ្នកប្រយុទ្ធហាម៉ាស ១៣.០០០នាក់ ស្ថិតនៅក្នុងចំណោមជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ ក្នុងសង្រ្គាមសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស ។
ជាមួយការប្ដេជ្ញាថា នឹងបន្តការវាយលុកតាមផែនការ លើភាគខាងត្បូង នៃតំបន់ហ្កាហ្សា។
តាមក្រសួងសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីនជិត៣១.០០០នាក់ ហើយត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមចាយពេលជាង ៥ខែមកនេះ ។
បន្ទាប់ពីការវាយប្រហារ របស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១.២០០នាក់ និងចាប់ខ្លួនមនុស្ស ២៥៣នាក់ជាចំណាប់ខ្មាំង។
យ៉ាងណាមិញ ក្រសួងសុខាភិបាលហ្កាហ្សាមិនបានបែងចែកលម្អិត ពីចំនួន អ្នកប្រយុទ្ធហាម៉ាស និងជនស៊ីវិលនោះទេ ។
ដោយគ្រាន់តែឱ្យដឹងថា ៧២ភាគរយនៃមនុស្សដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះគឺជាស្ត្រី និងកុមារ។
ទោះជាយ៉ាងណា ក្រុមហាម៉ាសវិញ ក៏បានច្រានចោលតួលេខរបស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់នៅក្នុងចំណោមក្រុមអ្នកប្រយុទ្ធរបស់ខ្លួនផងដែរ ដោយនិយាយថានេះគ្រាន់តែជាការព្យាយាមអះអាងពី ជ័យជម្នះក្លែងក្លាយប៉ុណ្ណោះ។
លោក Netanyahu បានគូសបញ្ជាក់នៅក្នុងសម្ភាសន៍ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Axel Springer លោក Netanyahu នៅតែបន្តសង្កត់ធ្ងន់ថាការពង្រីកការវាយលុករបស់អ៊ីស្រាអែលចូលទីក្រុង Rafah នៃភាគខាងត្បូងហ្កាហ្សា គឺជាគន្លឹះដ៏សំខាន់ដើម្បីយកឈ្នះលើក្រុមហាម៉ាស។
«យើងកំពុងខិតកាន់តែកៀកទៅរកជ័យជម្នះ ហើយនៅពេលដែលយើងចាប់ផ្ដើមសកម្មភាពយោធា ប្រឆាំងនឹងបន្ទាយសេសសស់របស់ហាម៉ាសក្នុងទីក្រុង Rafah នោះវាមានន័យថាជ័យជម្នះដែលនៅចំពោះមុខរបស់យើង នៅកៀកនឹងយើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា អន្តរជាតិ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានព្រមានលោក Netanyahu ប្រឆាំងនឹងប្រតិបត្តិការវាយលុកជើងគោកលើទីក្រុង Rafah ដ្បិត វាអាចនឹងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ ។
ខណៈជាងពាក់កណ្ដាលនៃប្រជាជនហ្កាហ្សាសរុប ២.៣លាននាក់កំពុងជ្រកកោនគេចពីការវាយប្រយុទ្ធគ្នានៅក្នុងទីក្រុងមួយនេះ។
លោក ចូ បៃដិន ក៏បានព្រមានបែបនេះដែរ តែលោកនៅតែបញ្ជាក់ដដែលថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ការគាំទ្រចំពោះអ៊ីស្រាអែលនោះទេ៕