ទ័ពអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសាលារៀន១កន្លែង ស្លាប់៨០នាក់ និងរបួសច្រើននាក់!

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍បានទម្លាក់គ្រាប់បែក លើសាលារៀនមួយកន្លែងផ្សេងទៀត។
ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UN) នៅភាគខាងជើងតំបន់ហ្គាហ្សា ។
ដោយបានសម្លាប់ និងរងរបួសទៅដល់ជនសស៊ីវិលរាប់សិបនាក់ ដែលកំពុងរស់នៅទីនោះ ។

យោងតាមប្រភពពីគ្រូពេទ្យប៉ាឡេស្ទីនបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន៨០ នាក់បានស្លាប់ ។
ខណៈរាប់សិបនាក់រងរបួស នៅពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកមកលើសាលារៀន Al-Fakhoura ក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សា ។
ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ខណៈបច្ចុប្បន្ននេះក្រុមជួយសង្គ្រោះកំពុងពិបាកក្នុងការទាញយកសាកសពចេញពីកម្ទេចកម្ទី។
ប្រភពបានប្រាប់សារព័ត៌មាន Anadolu ថា“សាកសពរបស់ជនស៊ីវិលកំពុងនៅពាសពេញច្រកចេញរបស់សាលារៀន ហើយក្រុមជួយសង្គ្រោះកំពុងមានការលំបាកក្នុងការទាញយកអ្នករបួស និងអ្នកស្លាប់ចេញពីអគារ ។
ខណៈអ្នកទាំងនោះភាគច្រើនជាជនស៊ីវិលដែលផ្លាស់ទីលំនៅមកជ្រកកោននៅទីនោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Anadolu ក្រសួងការបរទេសប៉ាឡេស្ទីនបាននិយាយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការសម្លាប់រង្គាលជាបន្តបន្ទាប់ដែលប្រព្រឹត្តដោយកងកម្លាំងអ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយជាការសម្លាប់រង្គាលដ៏សាហាវបំផុតនៅក្នុងសាលា Al-Fakhoura ដែលផ្ទុក​ទៅ​ដោយ​ជន​ភៀស​ខ្លួន” ។

ក្រសួងបានអះអាងទៀតថា “យើងចាត់ទុកនេះជាព័ស្តុតាងថ្មីមួយទៀតបង្ហាញពីការប្រកាសសង្រ្គាមរបស់អ៊ីស្រាអែល លើជនស៊ីវិលប៉ាឡេស្ទីន ។
ក្នុងគោលបំណងធ្វើឲ្យតំបន់ទាំងមូលនៃភាគខាងជើងហ្គាហ្សាស្ទ្រីបលែងមានវត្តមានរបស់ពលរដ្ឋប៉ាឡេស្ទីន” ។
ក្រសួងបញ្ជាក់ថា “ជាមួយនឹងការសម្លាប់រង្គាលដែលផ្តោតលើសាលារៀនដែលកាន់កាប់ដោយ UNRWA គឺបានប្រមាថដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ហើយមើលងាយរាល់ការទាមទារជាអន្តរជាតិដែលអំពាវនាវឲ្យមានការការពារជនស៊ីវិល” ។

ចាប់តាំងពីអ៊ីស្រាអែល បើកការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី៧ ខែតុលា ជនជាតិប៉ាឡេស្ទីនជាង ១២,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងស្ត្រី និងកុមារជាង ៨,៣០០ នាក់ និងជាង ៣០,០០០ នាក់ផ្សេងទៀតបានរងរបួស ខណៈខាងអ៊ីស្រាអែលមានអ្នកស្លាប់ប្រហែល ១,២០០ នាក់ផងដែរ ។

ទន្ទឹមនោះ អគាររាប់ពាន់ខ្នង រួមទាំងមន្ទីរពេទ្យ វិហារអ៊ីស្លាម ក៏រងការខូចខាត ឬបំផ្លិចបំផ្លាញផងដែរ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកឥតឈប់ឈររបស់អ៊ីស្រាអែល ទៅលើតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ ។
ខណៈអ៊ីស្រាអែលក៏បានបិទផ្លូវ ក៏ដូចជាកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ អគ្គិសនី និងទឹកមិនឲ្យចូលក្នុងតំបន់ហ្គាហ្សា ៕

Leave a Reply

Your email address will not be published. Required fields are marked *