ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយប្រទេសយេម៉ែន បាននិយាយថា ពួកគេបានប្លន់កប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល១គ្រឿង នៅសមុទ្រក្រហម ហើយកប៉ាល់នោះ ត្រូវនាំយកទៅកំពង់ផែក្នុងប្រទេសយេម៉ែន.!។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបដិសេធថា កប៉ាល់នោះមិនមែនជារបស់ខ្លួនទេ ហើយក៏គ្មានជនជាតិអ៊ីស្រាអែលណាម្នាក់ ស្ថិតនៅលើនោះដែរ។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា នេះគឺជាសកម្មភាពមួយទៀត នៃអំពើភេរវកម្មរបស់អ៊ីរ៉ង់។
លោកនិយាយថា កប៉ាល់នេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអង់គ្លេស និងដំណើរការដោយក្រុមហ៊ុនជប៉ុន។ សមាជិកនាវិកមានគ្នា២៥នាក់ជាមួយសញ្ជាតិផ្សេងៗ ដូចជាអ៊ុយក្រែន ប៊ុលហ្គារី ហ្វីលីពីន និងម៉ិកស៊ិក ជាដើម។
សូមបញ្ជាក់ ក្រុម ហ៊ូធី បានគំរាមប្លន់កប៉ាល់អ៊ីស្រាអែល ដោយសារតែរឿងរ៉ាវជុំវិញសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។
អ៊ីស្រាអែលនិយាយថា មនុស្សប្រមាណ១២០០នាក់ត្រូវបានសម្លាប់ និងជាង២៤០នាក់ត្រូវ ចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុង ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសកាលពីថ្ងៃទី៧ខែតុលា។
ជាការសងសឹក អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដែលមានការវាយប្រហារផ្លូវអាកាស និងកាំភ្លើងធំ ព្រមទាំងកងទ័ពជើងគោក ក្នុងគោលបំណងកម្ចាត់ចលនានេះ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា ចំនួនមនុស្សស្លាប់នៅហ្គាហ្សា ចាប់តាំងពីពេលនោះមក បានកើនឡើងដល់១២៣០០នាក់ ។
ខណៈជាង២០០០នាក់ទៀត ត្រូវគេបារម្ភថាត្រូវកប់ក្រោមគំនរបាក់បែក៕