(ព្រៃវែង)៖ ថ្លែងមកកាន់«ដើមរាំង»នៅព្រឹកទី២១.១១.២០២៣ លោកស្រី ប៉ុល ស៊ីណាត បានបញ្ជាក់ថាៈ មូលហេតុដែលលោកស្រី នៅមានក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងអាចបន្តការងារ ជាប្រធានផ្នែកភស្ថុភារ នៃពន្ធនាគារ ខេត្តព្រៃវែងបាន.!។
ក៏ព្រោះតែទោសរបស់លោកស្រីជាទោសព្យួរធម្មតា ដែលស្របតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា.៥៣!។
ការចេញមកបកស្រាយ ពីសំណាក់លោកស្រី ប្រធានផ្នែកភស្ថុភារ នៃពន្ធនាគារខេត្តព្រៃវែង នៅពេលនេះ!។
បន្ទាប់ពីនៅថ្ងៃទី១៩.១១.២០២៣«ដើមរាំង»បានចេញផ្សាយក្រោមចំណងជើងថា”មន្ត្រីពន្ធនាគារខេត្តព្រៃវែងម្នាក់ ត្រូវតុលាការផ្ដន្ទាទោស១ឆ្នាំ ពីបទលួច បែរជាមិនអស់ក្របខ័ណ្ឌ ហើយកំពុងមានតួនាទីធំថែមទៀត!”។
ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺបានលើកឡើងអំពី សាលាដំបូងខេត្តក្រចេះ សម្រេចផ្ដន្ទាទោសលោកស្រី ប៉ុល ស៊ីណាត និងស្វាមី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទ”អំពើលួច”តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ ។
ដែលបានប្រព្រឹត្ត នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ប៉ុន្តែទោសត្រូវព្យួរ ធម្មតាទាំងមូល..!។
ជុំវិញការផ្ដន្ទាទោសនេះដែរលោកស្រី ប៉ុល ស៊ីណាត បានអះអាងថា ខ្លួននិងស្វាមី មិនបានទៅលួច ឬប្លន់ទ្រព្យសម្បត្តិមាសប្រាក់នរណានោះឡើយ.!។
ពោលគឺ ដើមហេតុចេញពីទំនាស់ រឿងសសរផ្ទះឈើចំនួន២ដើមប៉ុណ្ណោះ ធ្វើឱ្យដើមបណ្ដឹង ប្ដឹងអ្នកស្រីនិងស្វាមី ពីបទ”លួចសសរផ្ទះ”។
លោកស្រី ប៉ុល ស៊ីណាត បានលើកឡើងយ៉ាងដូច្នេះថា ដើមចមដំបូង ជាងធ្វើផ្ទះឈើជំពាក់សសរផ្ទះលោកស្រីចំនួន២ដើម..!។
បន្ទាប់មកទៀតជាងនោះ បានទៅសាងសង់ផ្ទះឱ្យដើមបណ្ដឹងឈ្មោះ ស៊ាង ណារ៉ា ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ហើយលោកស្រី ក៏បានទាមទារសសរផ្ទះ ពីជាងផងដែរ ប៉ុន្តែជាងបែរជាលើកពេលរហូត.!។
ទើបលោកស្រីនិងស្វាមី ទៅដឹកយកសសរផ្ទះនៅកន្លែងកើតហេតុចំនួន២ដើម ដោយគិតថាៈ សសរនោះ ជារបស់ជាងផ្ទះ ដែលបានជំពាក់ខ្លួន.!។
មិនដូច្នេះអី ពេលដឹកសសរមកទុករួចហើយ ទើបដឹងថាៈ សសរផ្ទះដែលខ្លួនដឹកមកនោះ ពុំមែនជាសសររបស់ជាងផ្ទះនោះទេ ពោលគឺជាសសរផ្ទះ របស់ដើមបណ្ដឹងឈ្មោះ ស៊ាង ណារ៉ា.!។
ជាហេតុនាំឱ្យ មានការប្រកែកយកត្រូវរាងខ្លួន រវាងដើមបណ្ដឹង ជាងផ្ទះ និងលោកស្រី…!។
ក្នុងនោះលោកស្រីនិងស្វាមី បានបដិសេធមិនប្រគល់សសរ ឱ្យទៅដើមបណ្ដឹងឈ្មោះ ស៊ាង ណារ៉ា វិញទេ! ។
បណ្ដាលឱ្យដើមបណ្ដឹងឈ្មោះ ស៊ាង ណារ៉ា ដាក់ពាក្យបណ្ដឹងប្ដឹងលោកស្រីនិងស្វាមី ចូលសាលាដំបូងខេត្តក្រចេះ ពីបទ”លួចសសរផ្ទះ”ហើយតុលាការក៏បានផ្ដន្ទាទោសលោកស្រី និងស្វាមីក្នុងម្នាក់ៗរយៈពេល១ឆ្នាំ ប៉ុន្តែទោសត្រូវព្យួធម្មតាទាំងមូល!។
ផ្អែកតាមមាត្រា៥៣ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។
ទើបលោកស្រី ប៉ុល ស៊ីណាត នៅមានក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងបន្តការងារជាប្រធានផ្នែកភស្ថុភារ នៃពន្ធនាគារខេត្តព្រៃវែង បានរហូតសព្វថ្ងៃ៕