អូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ខែមីនានេះ បាននិយាយថា ខ្លួននឹងចូលរួមក្នុងក្រុមចម្រុះដ្រូនអន្តរជាតិ ។
ដើម្បីជួយដល់អ៊ុយក្រែន នៅក្នុងសង្រ្គាម ជាមួយរុស្ស៊ី ក្រោមកិច្ចសហការជាមួយសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតដូចជាចក្រភពអង់គ្លេស និងឡេតូនី។
នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP។
អ៊ុយក្រែន បាន និងកំពុងពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ដ្រូន ដើម្បីប៉ះប៉ូវការខ្វះខាតគ្រាប់កំាភ្លើងធំ ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។
ក្នុងរយៈពេល ២ឆ្នាំនៃសង្រ្គាមមកនេះ ដ្រូនរាប់សែនគ្រឿងត្រូវបានប្រើនៅលើសមរភូមិក្នុងបេសកកម្មជាច្រើន រាប់ចាប់ពីការវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយរាប់រយ គីឡូម៉ែត្រ ស៊ើបការណ៍សម្ងាត់ និងវាយប្រហារលើកងទ័ពសត្រូវជាដើម។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានប្ដេជ្ញាថានឹងផលិតដ្រូនឱ្យមាន ១លានគ្រឿង នៅក្នុងឆ្នាំនេះ។
ក្រុមមន្ត្រីអ៊ុយក្រែនវិញបានប្រាប់ AFP ថាកងកម្លាំងប្រដាប់របស់ខ្លួន ត្រូវការដ្រូនចន្លោះពី ១០០ ០០០ ដល់ពី១២០ ០០០គ្រឿងក្នុងមួយខែ ដែលនេះមានន័យថាទីក្រុងកៀវត្រូវការជាចាំបាច់នូវ ជំនួយបន្ថែមពីខាងក្រៅ។
គួរបញ្ជាក់ថា អូស្ត្រាលី បានប្រកាសពីការសម្រេចចិត្តចូលរួមក្នុងក្រុមចម្រុះដ្រូនអន្តរជាតិ ចំពេលដែលទីក្រុងកង់បេរ៉ា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps។
កាលពីខែកុម្ភៈកន្លងទៅ ចក្រភពអង់គ្លេស និងឡេតូនី បានឯកភាពគ្នាថានឹងដឹកនាំក្រុមចម្រុះដ្រូន ក្នុងគោលបំណងផ្គត់ផ្គង់ដ្រូនរាប់ពាន់គ្រឿងបន្ថែមសម្រាប់អ៊ុយក្រែន៕