(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដមន្ត្រីនៃកម្ពុជា បានស្នើភាគីឡាវ ឱ្យពិនិត្យលទ្ធភាព នាំចូលទំនិញមួយចំនួនពីកម្ពុជា ។
ខណៈភេសជ្ជៈជាទំនិញមានសក្តានុពលខ្ពស់ និងសម្បូរបែបនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់សរ តាន់ បានបញ្ជាក់ដូច្នេះថា ដើម្បីបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ សម្តេចធិបតី បានស្នើមិត្តឡាវឱ្យពិនិត្យលទ្ធភាព នាំចូលទំនិញមួយចំនួនពីកម្ពុជា ឧទាហរណ៍ជាក់ស្តែងភេសជ្ជៈ សូមជម្រាបថា ទំនិញភេសជ្ជៈជាទំនិញមានសក្តានុពលខ្ពស់ និងសម្បូរបែបនៅកម្ពុជា។
ប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានឱ្យដឹងថា ដូចគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើមិត្តឡាវ ឱ្យពិនិត្យមើលលទ្ធភាពពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម សេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ សេវាដឹកទំនិញផ្លូវគោក និងទេសចរណ៍។
លោក ហ្សង់ ហ្វ្រង់ស័រតាន់ ក៏បានលើកឡើងដែលថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាគ្នាលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការ JCBC, ការដាក់ឱ្យដំណើរការឡើងវិញ គណៈកម្មការពាណិជ្ជកម្មចម្រុះ ជាមួយការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មលើវិស័យសេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ ដឹកទំនញផ្លូវគោក និងទេសចរណ៍។
គួរឱ្យដឹងថា នៅដំណើរទស្សនកិច្ចផ្លូវការលើទឹកដីឡាវ រយៈពេលមួយថ្ងៃកន្លះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤៕