នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអនុម័ត ការចរចាបទឈប់បាញ់ជុំថ្មី នៅតំបន់ហ្គាហ្សា នៅទីក្រុង Doha និង Cairo ដែលការិយាល័យរបស់លោក បានជូនដំណឹងនៅថ្ងៃសុក្រសប្តាហ៍នេះ ។
ក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ចាប់តាំងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមាន«បទឈប់បាញ់ជាបន្ទាន់»។
អ្នកសម្រុះសម្រួល នៃប្រទេសកាតា បាននិយាយកាលពីថ្ងៃអង្គារថា ការចរចារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល លើបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងកំពុងបន្ត ។
ប៉ុន្តែភាគីជម្លោះនិងអ្នកសម្រុះសម្រួល បានផ្តល់ព័ត៌មានតិចតួច ចាប់តាំងពីពេលនោះមក។
ការិយាល័យរបស់ លោក Netanyahu បាននិយាយថា នាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយប្រធានទីភ្នាក់ងារសម្ងាត់ Mossad គឺ លោក David Bania អំពីកិច្ចចរចារបទឈប់បាញ់នៅហ្គាហ្សា។
ប៉ុន្តែបានបដិសេធ មិនបញ្ជាក់លម្អិតថា តើលោក Bania នឹងធ្វើដំណើរទៅកាន់ទីក្រុង Doha ឬទីក្រុង Cairo ដើម្បីពិភាក្សានោះទេ។
សង្រ្គាមបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់ បានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,១៦០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP នៃតួលេខផ្លូវការរបស់អ៊ីស្រាអែល។
យោធាអ៊ីស្រាអែល បានបើកការវាយលុកសងសឹកប្រឆាំងនឹងក្រុមហាម៉ាស ។
ដែលបានសម្លាប់មនុស្សចំនួន ៣២,៦២៣នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងបរទេសប្រហែល ២៥០ នាក់ ក្នុងអំឡុងពេលការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ។
ប៉ុន្តែបានដោះលែងមនុស្សរាប់សិបនាក់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា។ អ៊ីស្រាអែលជឿថា មនុស្សប្រហែល ១៣០ នាក់ទៀតនៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ។
ដោយ៣៣នាក់ ត្រូវបានគេសន្មត់ថាបានស្លាប់ រួមទាំងទាហាន៨នាក់ និងជនស៊ីវិល ២៥នាក់ផងដែរ៕