ពលរដ្ឋស្នើឱ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវ ករណីចាប់មនុស្សដាក់គុក ដែលផ្ដើមពីរឿងដឹកឈើទាលស្អុយ១ដើម ស្រង់ពីបាតទន្លេ!

(កណ្ដាល)៖ ពលរដ្ឋបានសម្ដែងការឈឺចាប់និងហួសចិត្តជាខ្លាំង ដោយស្នើសុំឱ្យក្រសួងមហាផ្ទៃ ចាត់វិធានការលើលោក លី សុជាតិ ស្នងការរងខេត្តកណ្ដាល រួមនិងមន្ត្រីពាក់ព័ន្ធ.!។
ក្រោយចាប់ឈើទាលស្អុយ១ដើមរបស់ពួកគាត់ ដែលប្រជានេសាទជាង២០នាក់ ខំនាំគ្នាស្រង់ចេញពីបាតទន្លេ រួចលក់និងអូសតាមទូក ក្នុងបំណងយកមកធ្វើផ្ទះ(មិនព្រមឱ្យវិញ)។
ក្នុងនោះ សមត្ថកិច្ចបានឃាត់មនុស្ស៤នាក់ យកមកសួរនាំនិងឃុំឃាំងរយៈពេលជាង១យប់.ទម្រាំតែដោះលែងវិញ..!។
រហូតមានប្រតិកម្ម សមត្ថកិច្ចខេត្តកណ្ដាល បានចាប់ខ្លួនពលរដ្ឋជាម្ចាស់ឈើ បញ្ជូនទៅតុលាការពីបទ«បម្លាស់ទីវត្ថុតាង និងបំបាត់វត្ថុតាង»។
-នេះបើយោងតាមការបញ្ជាក់ពីម្ចាស់ឈើ រួមនិងក្រុមគ្រួសារ…!។

-ម្ចាស់ឈើ ដែលរងការចាប់ខ្លួនឈ្មោះ ង៉ូ យ៉ាំងលុង ភេទប្រុសអាយុ៥៦ឆ្នាំ នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនត្រូវចោទរូបនេះត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី០២.០៤.២០២៤។

ជុំវិញរឿងនេះ កាលពីថ្ងៃទី៣០.០៣.២០២៤ មុនពេលចាប់ខ្លួនលោក ង៉ូ យ៉ាំងលុង បានថ្លែងប្រាប់«ដើមរាំង»ថា ដើមចមដំបូង ប្រជានេសាទ(ខ្មែរឥស្លាម)នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បានធ្វើការនេសាទក្នុងទន្លេមេគង្គ ហើយក៏ទាក់មង លុះមុជទឹកមើល ក៏ឃើញដើមឈើទាល១ដើមធំ ដែលកប់ក្នុងបាតទន្លេ ជាយូរឆ្នាំមកហើយ..!។ ខណៈនោះបងប្អូនខ្មែរឥស្លាម ប្រមាណជាង២០នាក់ បាននាំគ្នាទាញនិងស្រង់ ឡើងមកលើគោក ទាំងមានមែកនិងគល់.ផងដែរ..!។

ឃើញបែបនោះលោក ង៉ូ យ៉ាំងលុង បានទៅមើលនិងសួរនាំ.ស្រាប់តែក្រុមប្រជានេសាទថា ពួកគាត់លក់ក្នុងតម្លៃ៥០០$(ប្រាំរយដុល្លារ)ដើម្បីយកលុយដោះស្រាយជីវភាពក្នុងគ្រួសារពួកគេ..!។

ប៉ុន្តែលោក ង៉ូ យ៉ាំងលុង ហ៊ានទិញក្នុងតម្លៃ៣០០$(បីរយដុល្លារ)ហើយក៏ត្រូវថ្លៃគ្នា..!។
ទន្ទឹមនិងនោះលោក ង៉ូ យ៉ាំងលុង ពុំទាន់ប្រគល់ប្រាក់គ្រប់ចំនួន ដល់ប្រជានេសាទនៅឡើយទេ ។
ដោយផ្អែកថា ស្គាល់គ្នា នឹងចាំអូសឈើទាល ដល់ផ្ទះខ្លួនសិន បានឱ្យលុយគ្រប់ចំនួន!។

បន្ទាប់មកនៅថ្ងៃទី១៩.០៣.២០២៤ លោក ង៉ូ យ៉ាំងលុង បានជួលទូកគេ ដើម្បីអូសឈើទាលស្អុយ១ដើម ដែលមានមែកនិងគល់នោះ!។
បណ្ដែតតាមដងទន្លេមេគង្គ ចេញពីភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ឆ្ពោះទៅផ្ទះរបស់ខ្លួន នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងបំណងអារ.ច្រៀកធ្វើផ្ទះ..!។

មិនដូច្នេះអី.លុះមកដល់ចំណុចក្បែរស្ពានព្រែកតាមាក់ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល នៅយប់ទី២០.០៣.២០២៤។
ស្រាប់តែលេចមុខ សមត្ថកិច្ចប៉ូលីស ១ក្រុម ចុះមកចាប់ឈើរបស់ខ្លួន និងបញ្ជាឱ្យអូសចូលខាង..!។
ភ្លាមនោះសមត្ថកិច្ចប៉ូលីស បានឃាត់អ្នកបើកទូកចំនួន៤នាក់ យកទៅសួរចំលើយរយៈពេល១យប់ លុះព្រឹកឡើងដាក់ពួកគាត់ ក្នុងបន្ទប់ឃុំឃាំងទៀតផង។
ពោលគឺ ចាប់នៅព្រលប់ទី២០.០៣.២០២៤ ហើយដោះលែងវិញ នៅរសៀលថ្ងៃទី២១.០៣.២០២៤.!។

លោក ង៉ូ យ៉ាំងលុង បញ្ចាក់ថា បន្ទាប់ពីប៉ូលីសចាប់ឈើទាល របស់លោករយៈពេល១យប់!។
នៅថ្ងៃទី២១.០៣.២០២៤ លោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើមុខកំពូល បានចុះពិនិត្យឃើញថា ឈើទាល១ដើមនេះ មានប្រវត្តិពីការបាក់ច្រាំងទន្លេ កប់នៅបាតទន្លេ ជាយូរឆ្នាំ ហើយប្រជានេសាទស្រង់យកមកលក់។
ហេតុនេះអ្នកដឹកយកមកធ្វើផ្ទះ គឺពុំមានបទល្មើសខុសច្បាប់អ្វីទេ.ហើយនៅរសៀលថ្ងៃទី២១ដដែល អ្នកបើកទូកទាំង៤នាក់ ក៏ត្រូវបានដោះលែង..!។

បើតាមលោក ង៉ូ យ៉ាំងលុង ក្រោយចុះពិនិត្យលោក ប្រាក់ សំបូរ ថានឹងប្រគល់ឈើទាល១ដើមនោះ មកឱ្យខ្លួនវិញ។
ប៉ុន្តែរង់ចាំការឯកភាពពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសិន និងស្នើឱ្យលោក ង៉ូ យ៉ាំងលុង ទៅធ្វើលិខិតបញ្ជាក់ពីកន្លែងដើម នឹងឱ្យជួបលោក លី សុជាតិ ស្នងការរងខេត្តកណ្ដាល ដើម្បីដោះស្រាយគ្នាព្រោះខាងប៉ូលីសអ្នកចាប់..!។លោក ង៉ូ យ៉ាំងលុង បញ្ជាក់ទៀតថា នៅថ្ងៃទី២២.០៣.២០២៤ រូបលោកបានទៅធ្វើលិខិតបញ្ជាក់ ពីប្រជានេសាទទាំង២៣នាក់ រួមនិងអាជ្ញាធរ។
លុះដល់ថ្ងៃទី២៣.០៣.២០២៤ លោកបានយកលិខិតនោះ មកបង្ហាញសមត្ថកិច្ចមេព្រៃ ប៉ុន្តែសមត្ថកិច្ច នៅតែពុំព្រមប្រគល់ឈើនោះ ឱ្យមកខ្លួនវិញដដែល ជារឿងហួសចិត្ត ដែលមិនអាចទទួលយកបាន..!។

-ចំណែកក្រុមប្រជានេសាទ.ដែលជាអ្នកប្រទះឃើញឈើទាលក្នុងទន្លេ! បានអះអាងថា ពួកខ្លួនពិតជាបានស្រង់ឈើទាលស្អុយ១ដើម ចេញពីបាតទន្លេ និងលក់ឱ្យលោក ង៉ូ យ៉ាំងលុង ប្រាកដមែន! ។
ពោលគឺ ពុំមែនពួកគាត់កាប់ចេញពីព្រៃអភិរក្ស ឬព្រៃឡង់ខុសច្បាប់អ្វីទេ
ចុះហេតុអ្វី បានជាប៉ូលីសខេត្តកណ្ដាលចាប់បែបនេះ ជារឿងដែលនឹកស្មានមិនដល់..!។-ជុំវិញករណីនេះលោក ឯក លន់ អធិការស្រុកមុខកំពូល មិនបកស្រាយឡើយ ដោយរុញឱ្យទៅសួរ លោកស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច.!។

រីឯលោក លី សុជាតិ ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក៏ពុំអាចសុំការបញ្ជាក់លម្អិតបានដែរ..!។ដោយលោកនិយាយថា បងកុំបាច់សួរច្រើន មកដល់កន្លែងផ្ទាល់មក ហើយកុំឮគេនិយាយ!។

ចំណែកលោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើមុខកំពូល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការដឹកឈើ ដែលមានប្រភពច្បាស់លាស់ស្រង់ពីបាតទន្លេបែបនេះ គឺពុំមានបទល្មើសអ្វីឡើយ..!។

ក្នុងនោះដែរ នៅថ្ងៃទី៣០.០៣.២០២៤«ដើមរាំង»បានព្យាយាមសុំការបកស្រាយ ពីលោក អំ ចាន់បូរិត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាលស្ដីទី ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល! ។

យ៉ាងណាក្ដី.នៅថ្ងៃទី០២.០៤.២០២៤ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនិងជាអ្នកនាំពាក្យស្នងការខេត្តកណ្ដាល.!។
បានថ្លែងប្រាប់«ដើមរាំង»ថា ការឃាត់ខ្លួនឈ្មោះ ង៉ូ យ៉ាំងលុង គឺក្នុង”បទល្មើសព្រហ្មទណ្ឌ”។
បើតាមលោក ឡាក់ ម៉េងធី ការចាប់ឃុំខ្លួនលោក ង៉ូ យ៉ាំងលុង គឺមិនចូលក្នុងបទល្មើស ដឹកជញ្ជូនព្រៃឈើខុសច្បាប់អ្វីឡើយ។

ជាមួយគ្នានេះ«ដើមរាំង»ក៏បានសុំការបំភ្លឺពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្ដាល ដោយលោក បង្វែរឱ្យទំនាក់ទំនង សួរតាមប្រព័ន្ធ Telegram ជំនួសវិញ! ។
-លុះ«ដើមរាំង»សួរថា ករណីឃាត់ខ្លួន ឈ្មោះ ង៉ូ យ៉ាំងលុង តើតំណាងអយ្យការ ចោទប្រកាន់ពីបទអ្វី..?។
-នឹងសំនួរថា តើការឃាត់អ្នកបើកទូកចំនួន៤នាក់ យកមកសួរនាំជាង១យប់ រួចដោះលែងវិញ!
សមត្ថកិច្ច មានសុំគោលការណ៍ ពីព្រះរាជអាជ្ញា ដែរឬទេ…?។

ពោលគឺ លោក ខា ដែនណា ចូលមើលសំនួរតាំងពីរសៀល រហូតដល់យប់ទី០២.០៤.២០២៤ នៅតែពុំមានការឆ្លើយតប។
ក្នុងន័យនេះ«ដើមរាំង»រង់ចាំការបកស្រាយបំភ្លឺ ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្ដាល រៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សព្វផ្សាយបន្តទៀត!។

+ទាក់ទិនបញ្ហាខាងលើ! មជ្ឈដ្ឋានអ្នកច្បាប់ ប្រជានេសាទ ពិសេសក្រុមគ្រួសាររបស់លោក ង៉ូ យ៉ាំងលុង បានសម្ដែងការខកចិត្ត និងឈឺចាប់ជាខ្លាំង ចំពោះការចាប់ឃុំខ្លួនលោក ង៉ូ យ៉ាំងលុង.!។
ដោយថា៖ លោក ង៉ូ យ៉ាំងលុង គ្រាន់តែទិញឈើទាលស្អុយ១ដើម ពីប្រជានេសាទ ដែលស្រង់ចេញពីបាតទន្លេ មានប្រភពពីការបាក់ច្រាំងទន្លេ.ដើម្បីយកមកធ្វើផ្ទះប៉ុណ្ណោះ.!។
ជាក់ស្ដែង ឈើនោះមិនមែនជាឈើដែលកាប់ចេញពីតំបន់អភិរក្ស ឬតំបន់ព្រៃឡង់ អ្វីឡើយ..!។
បែរជា រងការចាប់ដកហូតទុក និងចាត់ទុកជាវត្ថុតាង ហើយឈានដល់ចាប់ឃុំខ្លួនលោក ង៉ូ យ៉ាំងលុង ពីបទ«បម្លាស់ទីវត្ថុតាង និងបំបាត់វត្ថុតាង»ទៅវិញ..!។

ផ្អែកលើហេតុផលទាំងនេះហើយ ទើបក្រុមគ្រួសារ និងសហគមន៍ប្រជានេសាទ(ខ្មែរឥស្លាម)។
សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាបើកការស្រាវជ្រាវ ដើម្បីចាត់វិធានការលើលោក លី សុជាតិ រួមនិងអ្នកពាក់ព័ន្ធ កុំមានការលើកលែងឱ្យសោះ.ចំពោះភាពមិនប្រក្រតី នៃការប្រើប្រាស់អំណាចនិងតួនាទី៕

Leave a Reply

Your email address will not be published. Required fields are marked *