(ភ្នំពេញ)៖ នៅរសៀលទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ។
ក្នុងនោះសម្តេចធិបតី បានថ្លែងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការដ្ឋាន កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមានការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យ អប់រំ វិស័យសុខាភិបាល ជាដើម។
សម្តេចធិបតី បានថ្លែងថា ត្រូវបន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ។
ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែល រាជរដ្ឋាភិបាល បានផ្ដល់គោលការណ៍អនុញ្ញាត។
សម្តេចធិបតី បានថ្លែងថា នីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត។
សម្តេចធិបតី បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាលសាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព។
សម្តេចធិបតី បានថ្លែងថា ដើម្បីបានរដ្ឋបាលសាធារណៈរឹងមាំ និងមានប្រសិទ្ធភាប គឺត្រូវចាប់ផ្តើមធ្វើ ហើយធ្វើទាំងអស់គ្នាទាំងថ្នាក់ជាតិ និងក្រោមជាតិ។
សម្តេចធិបតី បានថ្លែងថា ដើម្បីសម្រេចបានផែនការលើកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្ត មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត។
សម្តេចធិបតី បានថ្លែងថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ និងសម្របសម្រួលដោយ ក្រសួងមុខងារសាធារណៈ ត្រូវជំរុញការរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាលសាធារណៈ សម្រាប់រយៈពេលមធ្យមនិងវែង ដោយត្រូវកំណត់ឱ្យបាននូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់លាក់ និងច្បាស់លាស់ដើម្បីសម្រេចគោលដៅជាដំណាក់កាលៗ ឆ្ពោះទៅការកសាងបាននូវរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
សម្តេចធិបតី បានថ្លែងថា អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន។
សម្តេចធិបតី បានថ្លែងថា កង្វះមន្ត្រីជារឿងមួយ ប៉ុន្តែការរើសមន្ត្រីបំពេញការងារឱ្យត្រូវ ហើយរក្សាឱ្យនៅជារឿងសំខាន់។
សម្តេចធិបតី លើកទឹកចិត្តប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់លទ្ធភាព ប្រសើរជាងការរើសថ្មី។
សម្តេចធិបតី បានថ្លែងថា សម្តេចមិនចិត្តអាក្រក់ក្នុងការរើសមន្ត្រីថ្មីនោះទេ។
ប៉ុន្តែមុននឹងរើសមន្ត្រីថ្មី ត្រូវមានការវិភាគ និងវាយតម្លៃពីតម្រូវការឱ្យបានច្បាស់លាស់។
សម្តេចធិបតី បានថ្លែងថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ព្រមទាំងជំរុញនិងលើកកម្ពស់ការទទួលយកការសម្របខ្លួន និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរដ្ឋបាលសាធារណៈ។
សម្តេចធិបតី បានថ្លែងថា កុំរើសអ្នកជំនាញអាយធី តែបម្រើការស្ថាប័នផ្នែកគណនេយ្យ។
សម្តេចធិបតី ប្រកាសផ្តល់ឋានៈជូនប្រធានមន្ទីរជំនាញនីមួយៗ ស្មើនឹងប្រធាននាយកដ្ឋាន៕