(កណ្ដាល)៖ អង្គភាពនៃគេហទំព័រ«ដើមរាំង»មានការខកចិត្តនិងសោកស្ដាយជាពន់ពេក.!។
ក្រោយឃើញសេចក្ដីបំភ្លឺ.បដិសេធ របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី០៣.០៤.២០២៤។
ដែលអះអាងថា«ដើមរាំង»”ចុះផ្សាយនូវព័ត៌មានមិនមែនជាការពិត ក្នុងការញុះញង់ឱ្យមានការរើសអើង ចំពោះការអនុវត្តច្បាប់។
បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានស្នើឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចាត់វិធានការលើសារព័ត៌មាន«ដើមរាំង»ទៀតផង”។
-ក្នុងន័យនេះអង្គភាពនៃគេហទំព័រ«ដើមរាំង»សុំឱ្យអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
មេត្តាជួយពន្យល់លម្អិតឡើងវិញផងថាតើ«ដើមរាំង»ផ្សាយមិនពិតត្រង់ចំណុចណា.?ហើយញុះញង់ត្រង់ចំណុចណា..?។
ខណៈមជ្ឈដ្ឋានអ្នកច្បាប់ រួមនិងបងប្អូនអ្នកកាសែតជាច្រើន.ជាពិសេស«ដើមរាំង»ផ្ទាល់មិនយល់នោះឡើយ..? ។
ទាក់ទិនបញ្ហានេះ នៅថ្ងៃទី០២.០៤.២០២៤«ដើមរាំង»បានចេញផ្សាយព័ត៌មានមួយក្រោមចំណងជើងថា«ពលរដ្ឋស្នើឱ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវ ករណីចាប់មនុស្សដាក់គុក ដែលផ្ដើមពីរឿងដឹកឈើទាលស្អុយ១ដើម ស្រង់ពីបាតទន្លេ!»។
នៅក្នុងអត្ថបទនោះ«ដើមរាំង»បានរំលេចខ្លឹមសារសំខាន់ៗចំនួន៣ចំណុចដូចខាងក្រោម៖
ទី១៖ ឈើទាលស្អុយ១ដើម ដែលសហគមន៍ប្រជានេសាទ ស្រង់ពីបាតទន្លេ គឺពុំមែនជាឈើដែលកាប់ចេញពី តំបន់ព្រៃអភិរក្ស ឬព្រៃឡង់អ្វីឡើយ។
-ត្រង់ចំណុចនេះ អ្នកនាំពាក្យស្នងការខេត្តកណ្ដាល ប្រើពាក្យថា«ឈើទាលងាប់០១ដើម»។
-ហើយ«ដើមរាំង»ក៏ពុំបានអះអាងថា ការអូសឈើទាលងាប់១ដើមបណ្ដែតតាមទន្លេ ដើម្បីយកមកធ្វើផ្ទះ ពីសំណាក់ឈ្មោះ ង៉ូ យ៉ាំងលុង ស្របច្បាប់ ឬក៏ខុសច្បាប់អ្វីដែរ..!។
រីឯការឃាត់មនុស្សចំនួន៤នាក់ យកមកសួរនាំជាង១យប់ រួចដោះលែងវិញ.?។
-អ្នកនាំពាក្យស្នងការខេត្តកណ្ដាល ពុំបានបញ្ជាក់និងបំភ្លឺឡើយ.!។
២៖ ចំពោះការផ្សាយថា សមត្ថកិច្ចចាប់ឈើទាលស្អុយ១ដើម នៅស្រុកមុខកំពូល ។
-គឺអ្នកនាំពាក្យ ក៏បានទទួលស្គាល់ហើយដែរ ពិតជាមានករណីចាប់និងដកហូតឈើទាលប្រាកដមែន! ។
ចំណែកការផ្សាយថា មានការចាប់និងឃុំខ្លួនឈ្មោះ ង៉ូ យ៉ាំងលុង ម្ចាស់ឈើ.!។
-អ្នកនាំពាក្យស្នងការ ក៏បានបញ្ជាក់ហើយថា មានការចាប់និងឃុំខ្លួនប្រាកដមែន.ដោយអនុវត្តតាមនីតិវិធី!។
-មួយវិញទៀតលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនិងជាអ្នកនាំពាក្យស្នងការខេត្តកណ្ដាល បានបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ ង៉ូ យ៉ាំងលុង គឺ”បទល្មើសព្រហ្មទណ្ឌ“។
ក្នុងនោះ«ដើមរាំង»មិនបានផ្សាយថា ការចាប់ខ្លួនឈ្មោះ ង៉ូ យ៉ាំងលុង ខុសនីតិវិធីអ្វីឡើយ.ហេតុនេះ
-អ្នកនាំពាក្យ មេត្តាពិនិត្យអត្ថបទ«ដើមរាំង»ឱ្យបានល្អិតល្អន់ឡើងវិញ កុំចេះតែចោទ!។
៣៖ ការស្នើសុំឱ្យបើកការស្រាវជ្រាវចំពោះការចាប់ឈើទាល.ក៏ដូចជាការចាប់ខ្លួនឈ្មោះ ង៉ូ យ៉ាំងលុង ពុំមែនជាសម្ដីរបស់«ដើមរាំង»នោះទេ ពោលគឺ ជាការលើកឡើង របស់សាម៉ីខ្លួនផ្ទាល់ និងក្រុមគ្រួសាររបស់គាត់..!។
-ពាក់ព័ន្ធការផ្សាយថា ដឹកឈើទាលស្អុយ.ក្នុងស្រុក ដែលមានប្រភពដើម ពីការស្រង់ចេញពីបាតទន្លេ(ពុំមានបទល្មើស)។
-គឺជាការលើកឡើងរបស់លោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើមុខកំពូល ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ(សំឡេង)។
-ជុំវិញរឿងនេះ«ដើមរាំង»ផ្សព្វផ្សាយទៅតាមប្រភព.មិនដើរតួជាតុលាការកាត់សេចក្ដី ហើយក៏មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយ..!។
ពោលគឺមុនចុះផ្សាយ«ដើមរាំង»បានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធគ្រប់ជ្រុងជ្រោយ ដោយគោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន.ប៉ុន្តែមន្ត្រីខ្លះមិនសហការបំភ្លឺប៉ុណ្ណោះ..!។
-ការស្នើឱ្យក្រសួងព័ត៌មាន ចាត់វិធានការលើអ្នកកាសែត ពីសំណាក់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅពេលនេះ ពុំមែនជាលើកទី១នោះទេ..!។
ពោលគឺ កន្លងមកគេឃើញ អ្នកនាំពាក្យស្នងការខេត្តកណ្ដាល តែងតែប្រើប្រាស់ ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
ដើម្បីបដិសេធនិងស្នើឱ្យក្រសួងព័ត៌មាន ស្រាវជ្រាវចាត់វិធានការ លុបអាជ្ញាប័ណ្ណ សារព័ត៌មាននេះ.សារព័ត៌មាននោះ
ជាបន្តបន្ទាប់…..!។
ក្រោយអ្នកកាសែតទាំងនោះ ផ្សព្វផ្សាយរិៈគន់អំពីភាពអសកម្មមួយចំនួនក្នុងមូលដ្ឋាន! ។
ដូចជាបញ្ហាល្បែងស៊ីសង និងការបើកអាជីវកម្ម(កាស៊ីណូ)នានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាដើម។ល។
-លុះឥឡូវ អ្នកនាំពាក្យស្នងការខេត្តកណ្ដាល បែរជាស្នើឱ្យនាយកដ្ឋានជំនាញ ចាត់វិធានការលើ«ដើមរាំង»បន្ថែមទៀត…!។
-សំនួរថា តើកន្លងមក នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ តែងតែចាត់វិធានការលើអ្នកកាសែត តាមការទាមទារ របស់អ្នកនាំពាក្យស្នងការខេត្តកណ្ដាល ឬយ៉ាងណា..?។
សូមជម្រាបនិងសង្ខេបថា៖ ដើមចមដំបូង សហគមន៍ប្រជានេសាទ(ខ្មែរឥស្លាម)នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បានធ្វើការនេសាទ ក្នុងទន្លេមេគង្គ ហើយក៏ទាក់មង លុះមុជទឹកមើល ក៏ឃើញដើមឈើទាលស្អុយ១ដើមធំ ដែលកប់ក្នុងបាតទន្លេ ជាយូរឆ្នាំមកហើយ..!។
ខណៈនោះបងប្អូនខ្មែរឥស្លាម បាននាំគ្នាទាញនិងស្រង់ ឡើងមកលើគោក ទាំងមានមែកនិងគល់.!។
បន្ទាប់មកសហគមន៍ ប្រជានេសាទចំនួន២៣នាក់ បានលក់ឈើទាលស្អុយ១ដើមនោះ ឱ្យឈ្មោះ ង៉ូ យ៉ាំងលុង ភេទប្រុសអាយុ៥៦ឆ្នាំ នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងតម្លៃ៣០០$។
ហើយឈ្មោះ ង៉ូ យ៉ាំងលុង ក៏បានប្រើប្រាស់ទូក ក្នុងការអូស ឈើទាលស្អុយ១ដើមនោះ ទាំងមែកនិងគល់បណ្ដែតតាមដងទន្លេមេគង្គ ចេញពីភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន សំដៅមកផ្ទះរបស់ខ្លួន នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ក្នុងបំណងយកមកកែច្នៃ ច្រៀកធ្វើគ្រឿងផ្ទះ..!។
លុះអូសមកដល់ចំណុចក្បែរ ស្ពានព្រែកតាមាក់ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល នៅយប់ទី២០.០៣.២០២៤ ក៏ត្រូវសមត្ថកិច្ចចាប់ដកហូតទុក..!។
ក្រោយមកឈ្មោះ ង៉ូ យ៉ាំងលុង បានឱ្យអ្នកបើកទូក ធ្វើការបើកទូក ចល័តចេញពីកន្លែងដែលសមត្ថកិច្ចឃាត់ទុក(វត្ថុតាង)។
ហើយសមត្ថកិច្ច ក៏ស្រាវជ្រាវចាប់ខ្លួនឈ្មោះ ង៉ូ យ៉ាំងលុង បញ្ជូនទៅតុលាការតែម្ដងទៅ.!។
រហូតដល់ថ្ងៃទី០២.០៤.២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនឈ្មោះ ង៉ូ យ៉ាំងលុង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕