(ភ្នំពេញ)៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី០៥.០៤.២០២៤។
ពាក់ព័ន្ធការប្រឌិតរឿង ផ្ដល់បទសម្ភាសន៍ ដល់សារព័ត៌មានក្រៅស្រុក ក្នុងករណីដីធ្លីនៅខេត្តព្រះវិហារ។
នៅក្នុងដីកានោះ បានបង្គាប់មកកម្លាំងមានសមត្ថកិច្ច ចំនួន២ចំណុចដូចខាងក្រោម៖
១-ឱ្យនាំខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ភេទ ប្រុសកើតថ្ងៃទី ០១ ខែ មីនា ឆ្នាំ ១៩៩២ ជនជាតិ ខ្មែរ កើតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប សាសនា ព្រះពុទ្ធ អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅវត្តដំរីស ភូមិកម្មករ ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
ឪពុកឈ្មោះ ស្រី វ័ល្អ “ស្លាប់” ម្តាយឈ្មោះ ចាប យ៉ែម “រស់” ជា-នីតិជន។
ធ្លាប់ជាប់ពន្ធនាគារ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម។
២-មកបង្ហាញខ្លួននៅ ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីសាកសួរ ពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
បច្ចុប្បន្នៈ ជនសង្ស័យរូបនេះ ត្រូវបានចាត់ការតាមនីតិវិធី៕