(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាឈរលំដាប់ទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេស។
ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤។
នេះគឺជាចំណាត់ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ចដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
លោកបន្តថា លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ។
ប៉ុន្តែវាគឺជាផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំនិងចាត់ចែងបានល្អរបស់រាជរដ្ឋាភិបាលដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។
គេនៅចាំបានថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់និងថេរក្នុងរង្វង់៧% រយៈពេលរាប់ទសវត្សរ៍។
នេះគឺជាកាលានុវត្តភាពដែលជំរុញឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័ស បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះឈ្នះនាឆ្នាំ១៩៩៨៕