ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យផ្សព្វផ្សាយ អប់រំពីបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំ!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមធ្វើការផ្សព្វផ្សាយ សារអប់រំបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
-នេះបើយោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា«សូមជម្រាបជូន
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់។

កម្មវត្ថុ៖ ស្តីពីការផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

យោង៖ លិខិតលេខ ១០៦ល.ស អ.ជ.ប.គ.ញ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មន្ត្រីរាជការ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ។
បានឈប់សម្រាកពីការងារ ដើម្បីទទួលអំណរស្វាគមន៍ចំពោះ ការចូលមកដល់នៃឆ្នាំថ្មី និងបានធ្វើដំណើរទៅតាមបណ្តារាជធានី ខេត្ត ជួបជុំគ្រួសារ ញាតិមិត្ត បងប្អូន និង ទៅកាន់ទីវត្តអារាម ។
ដើម្បីធ្វើបុណ្យឧទ្ទិសកុសល លេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីជាតិ ក៏ដូចជាធ្វើ ដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្នើ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយជំរុញឱ្យពិធីករ ពិធីការិនីធ្វើការអប់រំ ណែនាំ ដាស់តឿន ក្រើនរំលឹក និង ផ្សព្វផ្សាយឱ្យបានជាអតិបរមានូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងសារអប់រំអំពីគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងបំផុសស្មារតីប្រជាពលរដ្ឋយើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរ និងការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ ក្នុងការធានានូវសុវត្ថិភាព និងចៀសផុតពីការប្រើប្រាស់ គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ខាតបង់ពេលវេលា និងខូចខាត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សហការចាត់ចែងអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *