បណ្តាមេដឹកនាំនៃប្រទេស G7 បានថ្កោលទោស ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែល..!។
និងបានព្រមានកាលពីថ្ងៃអាទិត្យថា ពួកគេ នឹងព្យាយាមទប់ស្កាត់ ភាពតានតឹង ដែលមិនអាចគ្រប់គ្រងបាន នៅតំបន់មជ្ឈិមបូព៌ា។
-នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៤។
-អ៊ីតាលី ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G7 បានកោះប្រជុំមេដឹកនាំ G7 ។
បន្ទាប់ពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក សន្យាឆ្លើយតបតាមមធ្យោបាយ ការទូត ចំពោះការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៊ីលដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ ដែលចេញដោយប្រទេសអ៊ីតាលី មានខ្លឹមសារយ៉ាងដូច្នេះថា ជាមួយនិងសកម្មភាពរបស់ខ្លួន អ៊ីរ៉ង់បានបោះជំហានបន្ថែមទៀតឆ្ពោះទៅរកអស្ថិរភាព និងហានិភ័យនៃការកើនឡើងនូវភាពតានតឹងក្នុងតំបន់ដែលមិនអាចគ្រប់គ្រងបាន ការណ៍នេះត្រូវតែចៀសវាង។
មេដឹកនាំ G7 ក៏បានអំពាវឱ្យអ៊ីរ៉ង់អនុវត្តការអត់ធ្មត់ ដោយបញ្ជាក់ថា ក្នុងស្មារតីនេះ យើងទាមទារដល់អ៊ីរ៉ង់ និងតួអង្គតំណាងធ្វើសង្រ្គាមរបស់ខ្លួន (Proxies) បញ្ឈប់ការវាយប្រហារ ។
ហើយឥឡូវនេះយើងក៏បានត្រៀមខ្លួនដើម្បីចាត់វិធានការបន្ថែម និងជាការឆ្លើយតបចំពោះគំនិតផ្តួចផ្តើមធ្វើឱ្យមានអស្ថិរភាពថែមទៀត។
-អ៊ីរ៉ង់ បាញ់ស្រោចមីស៉ីល និងយន្តហោះដ្រូន ៣០០គ្រឿងទៅលើអ៊ីស្រាអែល ។
ចាត់ទុកជាការសងសឹក អ៊ីស្រាអែល ដែលបានវាយប្រហារ លើអគារកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី ដែលបានសម្លាប់មេបញ្ជាការសំខាន់ៗនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៧នាក់។
លោក បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា សហរដ្ឋអាមេរិក នឹងមិនចូលរួមក្នុងការវាយប្រហារណាមួយលើអ៊ីរ៉ង់នោះទេ ប្រសិនបើអ៊ីស្រាអែលសម្រេចចិត្តសងសឹក៕