បេសកជនអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា៖ សកម្មភាពយោធារបស់អ៊ីរ៉ង ដែលវាយប្រហារ មកលើអ៊ីស្រាអែល។
គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ ក្នុងការការពារខ្លួន និងជាការឆ្លើយតប ទៅនឹងការវាយប្រហារ ដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ ប្រចាំប្រទេសស៊ីរី កាលពីកន្លងទៅ។
បេសកកម្មរបស់អ៊ីរ៉ង់ ថ្លែងទៀតថាការវាយប្រហារលើអ៊ីស្រាអែល អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់។ -នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បេសកកម្មនេះបានឲ្យដឹងនៅលើបណ្តាញសង្គម X ថា ធ្វើឡើងលើកម្លាំងនៃមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងការការពារស្របច្បាប់ សកម្មភាពយោធារបស់អ៊ីរ៉ង់ ។
គឺដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់របប Zionist ប្រឆាំងនឹងទីតាំងការទូតរបស់យើង នៅក្នុងទីក្រុងដាម៉ាស់ ហើយបញ្ហានេះអាចត្រូវបានគេចាត់ទុកថាបានបញ្ចប់។
ប្រភពបានឲ្យដឹងថាទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរបបអ៊ីស្រាអែល ធ្វើកំហុសមួយទៀត ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងកាន់តែធ្ងន់ធ្ងរ វាគឺជាជម្លោះរវាងអ៊ីរ៉ង់ និងរបបអ៊ីស្រាអែលដ៏អាក្រក់ ដែលសហរដ្ឋអាមេរិក ត្រូវតែនៅឱ្យឆ្ងាយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់បានបាញ់បង្ហោះកាំជ្រួច និងយន្តហោះដ្រូនរាប់សិបគ្រឿងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ។
ខណៈដែលទីក្រុងតេអេរ៉ង់ ធ្វើចលនាដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហារដ៏សាហាវនាពេលថ្មីៗនេះលើអគារស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។
កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានប្រកាសថាខ្លួនបានបើកការវាយប្រហារលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បាននិងកំពុងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលកំពុងហោះហើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។
ស្ថានការណ៍សន្តិសុខនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ។
ដែលបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។
ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា បានធ្វើឱ្យមនុស្សជាង ៣៣,៦០០នាក់បានស្លាប់។
ការកើនឡើងចុងក្រោយនេះកើតឡើងបន្ទាប់ពី អ៊ីរ៉ង់បានប្តេជ្ញាសងសឹកអ៊ីស្រាអែល ។
ចំពោះការទម្លាក់គ្រាប់បែកលើអគារស្ថានទូតអ៊ីរ៉ង់ នៅទីក្រុង Damascus កាលពីថ្ងៃទី០១ ខែមេសា៕